វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា បានប្រកាសពីការយល់ព្រមលក់ឧទ្ធម្ភាគចក្រយោធា តម្លៃ ៤ពាន់២០០លានដុល្លារ ទៅឱ្យប្រទេសកូរ៉េខាងត្បូង។

វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា បានប្រកាសពីការយល់ព្រមលក់ឧទ្ធម្ភាគចក្រយោធា តម្លៃ ៤ពាន់២០០លានដុល្លារ ទៅឱ្យប្រទេសកូរ៉េខាងត្បូង។
ការអនុម័តនេះ ធ្វើឡើងស្របពេលដែលទីក្រុងសេអ៊ូល កំពុងស្វែងរកទិញឧទ្ធម្ភាគចក្រ ដែនសមុទ្រពហុបេសកកម្ម MH-60R Seahawk ចំនួន ២៤គ្រឿង ដែលផលិតដោយក្រុមហ៊ុន Lockheed Martin រួមជាមួយនឹងឧបករណ៍រុករក និង សម្ភារៈផ្សេងៗទៀត ដែលមានតម្លៃរហូតដល់ ៣ពាន់លានដុល្លារអាមេរិក។
យោងតាមក្រុមហ៊ុនផលិត, ឧទ្ធម្ភាគចក្រយោធាទាំងនេះ នឹងផ្តល់កម្លាំងដល់ទ័ពជើងទឹក ជាមួយនឹងសមត្ថភាពប្រឆាំងនាវាមុជទឹក និងប្រឆាំងនាវាចម្បាំង។
នៅក្នុងករណីដាច់ដោយឡែកមួយទៀត, កូរ៉េខាងត្បូងបានស្នើសុំទិញការ Update ឬ ការកែលម្អឧទ្ធម្ភាគចក្រវាយប្រហារ AH-64E Apache ដែលមានតម្លៃរហូតដល់ ១ពាន់២០០លានដុល្លារអាមេរិក។ ការលក់ដ៏មានសក្តានុពល ដែលក្រុមហ៊ុនផលិត Apache Boeing ជាអ្នកម៉ៅការសំខាន់ រួមមាន រ៉ាដាគ្រប់គ្រងភ្លើង AN/APG-78 Longbow ចំនួនប្រាំបី ដែលផលិតរួមគ្នាដោយ Lockheed Martin និង ក្រុមហ៊ុន Northrop Grumman ។
តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទ, ក្រសួងការបរទេសអាមេរិក បាននិយាយថា ការទិញនេះ នឹងពង្រឹងសន្តិសុខរបស់សម្ព័ន្ធមិត្តដ៏សំខាន់មួយ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយនឹងធ្វើឱ្យប្រសើរឡើង ព្រមទាំង ជំរុញសមត្ថភាពរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង នាពេលបច្ចុប្បន្ន និងអនាគត ហើយ ផ្តល់ឱ្យប្រទេសមួយនេះ ជាមួយនឹងការទប់ស្កាត់ ដែលអាចជឿទុកចិត្តបាន។
បើតាម Bloomberg, ការយល់ព្រមពីក្រសួងការបរទេសអាមេរិក ដែលជាកម្មវត្ថុនៃការត្រួតពិនិត្យរបស់សភា តំណាងឱ្យបរិមាណ និងតម្លៃអតិបរមា សម្រាប់ការលក់ ដែលអាចធ្វើទៅបាន៕
ប្រភព ៖ Bloomberg , ប្រែសម្រួល ៖ សារ៉ាត

