បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ចង់ប្រគល់ឃ្លាំងស្តុកសារធាតុផលិតនុយក្លេអ៊ែរទៅឱ្យ រុស្ស៊ី ជំនួស អាមេរិក

អ៊ីរ៉ង់ ចង់ប្រគល់ឃ្លាំងស្តុកសារធាតុផលិតនុយក្លេអ៊ែរទៅឱ្យ រុស្ស៊ី ជំនួស អាមេរិក

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចកម្រិតខ្ពស់របស់ខ្លួន ទៅឱ្យប្រទេសរុស្ស៊ី ជំនួសសហរដ្ឋអាមេរិក ដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃចន្ទ ។

Advertisement

គំនិតនេះ ជាផ្នែកមួយនៃសំណើសន្តិភាពចុងក្រោយបំផុតចំនួន ១៤ ចំណុចរបស់អ៊ីរ៉ង់ ដែលផ្តួចផ្តើមឡើងក្នុងគោលបំណងពន្លត់ភ្លើងសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

សំណើនេះ ត្រូវបានបញ្ជូនទៅឱ្យប្រទេសប៉ាគីស្ថាន ដែលជាអ្នកដើរតួសម្របសម្រួលបញ្ឈប់ជម្លោះនៅមជ្ឈិមបូព៌ា ។

យោងតាម RT, តាមរយៈឯកសារលេចធ្លាយ ដែលផ្ញើទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន, អ៊ីរ៉ង់បានដាក់លក្ខខណ្ឌធំៗមួយចំនួន ។

ក្នុងនោះ អ៊ីរ៉ង់សុខចិត្តផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិត ៦០% ជាង ៤០០គីឡូក្រាមទៅឱ្យរុស្ស៊ីគ្រប់គ្រង ជំនួសឱ្យការប្រគល់ទៅឱ្យសហរដ្ឋអាមេរិក ។

ជាមួយគ្នានេះ អ៊ីរ៉ង់ទាមទារឱ្យមានការធានាថា សារធាតុទាំងនោះ ត្រូវតែប្រគល់មកឱ្យខ្លួនវិញ ប្រសិនបើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពជាថ្មីនៅពេលក្រោយ ។

បន្ថែមលើនេះ អ៊ីរ៉ង់ក៏បានយល់ព្រមផ្អាក ឬបង្កកកម្មវិធីនុយក្លេអ៊ែរក្នុងរយៈពេលវែង ប៉ុន្តែបដិសេធដាច់ខាត ក្នុងការរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ខ្លួនចោលទាំងស្រុងផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចកន្លងមកនេះ អ៊ីរ៉ង់នឹងយល់ព្រមបើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើងវិញជាដំណាក់កាលសម្រាប់នាវាពាណិជ្ជកម្ម ។

សំណើសន្តិភាពចុងក្រោយបំផុតរបស់អ៊ីរ៉ង់នេះ ត្រូវបានបែកធ្លាយបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានក្រឡាស់សម្តីឈប់វាយប្រហារសាជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ។

យោងតាម BBC, លោក Trump បានប្រាប់មូលហេតុមិនចុចប៊ូតុងបញ្ឆេះសង្គ្រាមអ៊ីរ៉ង់ជុំថ្មីថា ជាការប្តូរចិត្ត តបតាមការស្នើសុំពីសំណាក់បណ្តាមេដឹកនាំប្រទេសនៅឈូងសមុទ្រ រួមមាន កាតា, អារ៉ាប៊ី សាអូឌីត និង អេមីរ៉ាត់ អារ៉ាប់រួម ខណៈដែលការចរចាដ៏មានប្រសិទ្ធភាពកំពុងកើតមានឡើង ។

ផ្អែកតាមស៊ីនហួរ, អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់បទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នាអស់ ៤០ ថ្ងៃ ដែលចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ។

បន្ទាប់ពីមានបទឈប់បាញ់, គណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាសន្តិភាពមួយជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី១១ដល់១២ ខែមេសា ប៉ុន្តែមិនអាចឈានដល់ការបញ្ឈប់សង្គ្រាមនៅឡើយទេ ។

យ៉ាងណា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ភាគីទាំងពីរត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរផែនការជាច្រើនដែលបានស្នើឡើង ដែលគូសបញ្ជាក់ពីលក្ខខណ្ឌ ដើម្បីបញ្ចប់ជម្លោះ តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ៕

ប្រភព ៖ RT BBC និង Xinhua ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា