បរទេស ៖ មេបញ្ជាការកំពូលរបស់ណាតូ និយាយថា ការដកទ័ពអាមេរិកចេញពីអាល្លឺម៉ង់ មិនប៉ះពាល់ដល់ការការពារអឺរ៉ុប ពីសំណាក់សម្ព័ន្ធយោធាអន្តរជាតិមួយនេះ នោះទេ។

បរទេស ៖ មេបញ្ជាការកំពូលរបស់ណាតូ និយាយថា ការដកទ័ពអាមេរិកចេញពីអាល្លឺម៉ង់ មិនប៉ះពាល់ដល់ការការពារអឺរ៉ុប ពីសំណាក់សម្ព័ន្ធយោធាអន្តរជាតិមួយនេះ នោះទេ។
ឧត្តមសេនីយ៍ Alexus G. Grynkewich មេបញ្ជាការកំពូល របស់អង្គការ NATO និយាយ កាលពីថ្ងៃអង្គារថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដកកងទ័ពចំនួន ៥ពាន់នាក់ ចេញពីប្រទេសអាល្លឺម៉ង “មិនប៉ះពាល់ដល់” ការការពាររបស់សម្ព័ន្ធមិត្តឡើយ ហើយ ព្រមានថា ការដាក់ពង្រាយឡើងវិញ គួរតែត្រូវបានរំពឹងទុកឲ្យធ្វើ។
មន្ទីរបញ្ចកោណ បាននិយាយ កាលពីដើមខែនេះថា រដ្ឋមន្ត្រីក្រសួងអាមេរិក បានបញ្ជាឱ្យដកកងទ័ពប្រហែល ៥ពាន់នាក់ ចេញពីប្រទេសអាល្លឺម៉ង់ នៅឆ្នាំក្រោយ។ ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានគំរាមកំហែង ឲ្យដកទ័ពចេញពីសម្ព័ន្ធមិត្តណាតូ អាល្លឺម៉ង់ ចំពេលមានជម្លោះពាក្យសម្តី ជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
លោក Trump ខឹងសម្បារជាខ្លាំង បន្ទាប់ពីមេដឹកនាំប្រទេសអាល្លឺម៉ង់ រូបនេះ បាននិយាយ កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់កំពុងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន “អាម៉ាស់មុខ” នៅតុចរចា។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥, មានទាហានអាមេរិក នៅប្រទេសអាល្លឺម៉ង់ មានចំនួន ៣ម៉ឺន៦ពាន់៤៣៦នាក់។
ថ្លែងនៅទីក្រុងប្រ៊ុចសែលក្នុងកិច្ចប្រជុំរបស់ប្រមុខយោធាណាតូ មេបញ្ជាការកំពូល សម្ព័ន្ធមិត្ត នៅអឺរ៉ុប បន្ថែមថា លោកកំពុងគិតអំពីរបៀបដែល NATO អាចជួយនៅច្រកសមុទ្រ Hormuz ប៉ុន្តែមិនទាន់មានផែនការនៅឡើយទេ រហូតដល់ការសម្រេចចិត្តនយោបាយ ត្រូវបានឯកភាព ។
ការបិទច្រកសមុទ្រ Hormuz បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើតម្លៃថាមពលសកល ហើយកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅអឺរ៉ុប រួចទៅហើយ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

