សិង្ហបុរី៖ ជាមោទនភាពរបស់យុវជនកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមអបអរសាទរក្រុមនិស្សិត នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge!

សិង្ហបុរី៖ ជាមោទនភាពរបស់យុវជនកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមអបអរសាទរក្រុមនិស្សិត នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge!
ក្នុងកម្មវិធីប្រកួតទូទាំងតំបន់អាស៊ានដែលរៀបចំដោយមូលនិធិអាស៊ាន Google.org និងស្ថាប័ន AI Singapore ក្រុម Voha.ai បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងចំណោមក្រុមដែលចូលរួមប្រកួតចំនួនជាង៦០០ក្រុម។ កម្មវិធីនេះ បានប្រព្រឹត្តទៅរយៈពេលជាង៤ខែ ដោយបេក្ខជនត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល លើកសំណើគម្រោង និងអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិតសាកល្បង ដើម្បីប្រកួតក្នុងប្រទេស រួចចូលរួមប្រកួតបន្តនៅកម្រិតតំបន់។
Voha.ai ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីជួយកុមារដែលមានពិការភាពផ្នែកការស្ដាប់ (ថ្លង់) អាចរៀននិយាយបានងាយ ស្រួលនិងឆាប់រហ័សជាងមុន តាមរយៈការប្រើកម្មវិធីបង្ហាត់ការបញ្ចេញសំឡេង ដោយមានទាំងផ្នែកសិក្សានិង ល្បែងកម្សាន ដើម្បីជំរុញការហ្វឹកហាត់បញ្ចេញសំឡេង។ លក្ខណសម្បត្តិរួមមានការកំណត់បញ្ហាបានត្រឹមត្រូវ ការប្រើប្រាស់វិធីសាស្ត្របច្ចេកទេសសមស្រប និងនវានុវត្តន៍ ព្រមទាំងចំណុចល្អៗជាច្រើនទៀត ជាមូលហេតុនាំឱ្យគណៈមេប្រយោគវាយតម្លៃខ្ពស់លើគម្រោងនេះ។
ក្រុម Voha.ai មានសមាជិកពីររូប គឺ លោក គាន យូហ័ង ជានិស្សិតទើបបញ្ចប់ការសិក្សាឆ្នាំ២០២៦ និង លោក គង់ លីជីង ជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ យុវជនកម្ពុជាទាំងពីររូបបានទទួលពានរង្វាន់ពីឯកឧត្ដម Tharman Shanmugaratnam ប្រធានាធិបតីនៃប្រទេសសិង្ហបុរី និងបានថតរូបអនុស្សាវរីយ៍ជាមួយ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងបណ្ដារដ្ឋមន្ត្រីឌីជីថលអាស៊ាន ស្របនឹងឱកាសដែល ឯកឧត្ដមរដ្ឋមន្ត្រីអញ្ជើញបំពេញបេសកកម្មនៅប្រទេសសិង្ហបុរី ចូលរួមកម្មវិធី AsiaTech Singapore 2026 តាមការអញ្ជើញរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថលនិងព័ត៌មាននៃប្រទេសសិង្ហបុរី។
សូមជូនពរយុវជនទាំងពីររូបបន្តលូតលាស់លើផ្នែកបញ្ញាសិប្បនិម្មិតនេះ ដើម្បីគាំទ្រការចាប់យកបញ្ញាសិប្បនិម្មិតនិងបរិវត្តកម្មឌីជីថលនៅកម្ពុជា ក្រោមគោលនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ង៉ាន់ ទិត្យ






