ប៉េកាំង ៖ មនុស្សជំនិតប្រធានាធិបតីរុស្សី គឺលោក Kirill Dmitriev បានថ្លែងអះអាងកាលពីថ្ងៃ អង្គារ ថា ប្រទេសចិននៅតែជា “ដៃគូយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុត” របស់ប្រទេសរុស្ស៊ី ។

ប៉េកាំង ៖ មនុស្សជំនិតប្រធានាធិបតីរុស្សី គឺលោក Kirill Dmitriev បានថ្លែងអះអាងកាលពីថ្ងៃ អង្គារ ថា ប្រទេសចិននៅតែជា “ដៃគូយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុត” របស់ប្រទេសរុស្ស៊ី ។
បេសកជនវិនិយោគរបស់វិមានក្រឹមឡាំងរូបនេះ បន្ថែមថា ដោយសារថាមពលមានតម្លៃថោក និងធនធានបម្រុងធម្មជាតិដ៏ច្រើនមហាសាលរបស់រុស្ស៊ី នឹងជួយជំរុញទំនាក់ទំនងរុស្ស៊ី-ចិនកាន់តែអស្ចារ្យ ជាពិសេសសាកសមបំផុតសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។
លោក Dmitriev ដែលជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានថ្លែងអះអាងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃ អង្គារ ថា រុស្ស៊ី-ចិន នឹងរក្សាបាននូវភាពជាដៃគូវិនិយោគដ៏ទូលំទូលាយ” ។
លោក Dmitriev មានវ័យ៥១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិន និងតំបន់សកលលោកខាងត្បូង ឥឡូវនេះគឺជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោក ។
បើតាម TASS, នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មសរុបរវាងរុស្ស៊ី និងចិន បានឈានដល់ទឹកប្រាក់ប្រមាណ ២២៨ ពាន់លានដុល្លារ ។ តួលេខនេះ ថយចុះ ៦,៩% បើធៀបនឹងឆ្នាំ ២០២៤ មានចំនួនដល់ទៅ ២៤៥ ពាន់លានដុល្លារ ដែលវាគឺជាការធ្លាក់ចុះលើកដំបូង៕
ប្រភព ៖ RT និង TASS ប្រែសម្រួល ៖ ឈឹម ទីណា

