ស្តុកខុល ៖ ប្រទេសស៊ុយអែតបានប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងតម្លៃប្រមាណ ៤ពាន់លានដុល្លារ ដើម្បីទិញនាវាចម្បាំងប្រភេទ Frigate ចំនួន ៤គ្រឿងពីក្រុមហ៊ុន Naval Group របស់ប្រទេសបារាំង។

ស្តុកខុល ៖ ប្រទេសស៊ុយអែតបានប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងតម្លៃប្រមាណ ៤ពាន់លានដុល្លារ ដើម្បីទិញនាវាចម្បាំងប្រភេទ Frigate ចំនួន ៤គ្រឿងពីក្រុមហ៊ុន Naval Group របស់ប្រទេសបារាំង។
នាវាចម្បាំងទាំងនេះ មានឈ្មោះថា HSwMS Luleå, Norrköpping, Trelleborg និង Halmstad ហើយជាការវិនិយោគយោធាដ៏ធំបំផុតរបស់ស៊ុយអែត គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ។
ស៊ុយអែតដែលជាសមាជិកថ្មីរបស់អង្គការណាតូ នឹងទទួលបាននាវាទាំងនេះ ចាប់ពីឆ្នាំ ២០៣០ តទៅ ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាស និងសន្តិសុខនៅសមុទ្របាល់ទិក ។
បើតាមសារព័ត៌មាន DW, ស៊ុយអែតរំពឹងថា នឹងទទួលបាននាវាចម្បាំងចំនួន ២ គ្រឿងដំបូងនៅត្រឹមឆ្នាំ ២០៣០ ហើយ ២ គ្រឿងទៀតនៅត្រឹមឆ្នាំ ២០៣៥ ។
ស៊ុយអែតគ្រោងនឹងកែច្នៃនាវាទាំងនេះ ដោយបញ្ចូលប្រព័ន្ធសព្វាវុធដែលផលិតក្នុងស្រុក រួមទាំងប្រព័ន្ធពីក្រុមហ៊ុន Saab ដើម្បីបំពេញតាមតម្រូវការយុទ្ធសាស្ត្ររបស់ខ្លួន ។
សូមបញ្ជាក់ថា ស៊ុយអែត គឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែននៅអឺរ៉ុប ។ ប្រទេសនេះបានដាក់មហិច្ឆតាឈានដល់ការចំណាយលើវិស័យការពារជាតិចំនួន ៣.៥% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០៣០ ៕
ប្រភព ៖ DW ប្រែសម្រួល ៖ ឈឹម ទីណា
