មូស្គូ ៖ ប្រទេសរុស្ស៊ីនៅថ្ងៃពុធនេះបានចាប់ផ្តើមធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរទ្រង់ទ្រាយដ៏ធំ រយៈពេល ៣ ថ្ងៃ ពោលគឺចំពេលដែលលោក ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី១៩ ដល់ ទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ ។

មូស្គូ ៖ ប្រទេសរុស្ស៊ីនៅថ្ងៃពុធនេះបានចាប់ផ្តើមធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរទ្រង់ទ្រាយដ៏ធំ រយៈពេល ៣ ថ្ងៃ ពោលគឺចំពេលដែលលោក ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី១៩ ដល់ ទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ ។
សមយុទ្ធនេះ ធ្វើឡើង ក្រោយពេលមួយសប្តាហ៍ ដែលលោក ពូទីន បានសរសើរការបាញ់សាកល្បងប្រកបដោយជោគជ័យ នៃ មីស៊ីលផ្លោងឆ្លងទ្វីប Sarmat ប្រភេទថ្មី ដែលគ្រោងនឹងជំនួសមីស៊ីលចាស់ៗ ផលិតនៅសម័យសូវៀត ។
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា សមយុទ្ធអាវុធនុយក្លេអ៊ែរឈុតធំ នាពេលនេះ មានការចូលរួមពីកងទ័ពចំនួន ៦ ម៉ឺន ៤ពាន់នាក់, កាំជ្រួចមីស៊ីលជាង ២០០ គ្រាប់, យន្តហោះជាង ១៤០ គ្រឿង, នាវាចម្បាំងលើផ្ទៃទឹក ចំនួន ៧៣ គ្រឿង និងនាវាមុជទឹកចំនួន ១៣ គ្រឿង រួមទាំង កប៉ាល់មុជទឹកបំពាក់ដោយកាំជ្រួចផ្លោងអន្តរទ្វីប នុយក្លេអ៊ែរ ចំនួន ៨ គ្រឿង ។
សមយុទ្ធនេះ ផ្តោតលើការរៀបចំ និងការប្រើប្រាស់កងកម្លាំងនុយក្លេអ៊ែរ ក្រោមការគំរាមកំហែង នៃ ការឈ្លានពាន ដោយក្នុងនោះ ក៏មានកិច្ចសហប្រតិបត្តិការ ជាមួយបេឡារុស្ស ដែលជាប្រទេសជិតខាង និង ជាសម្ព័ន្ធមិត្ត ដែលមានផ្ទុកអាវុធនុយក្លេអ៊ែរ ផលិតនៅរុស្ស៊ី ផងដែរ ។
បើតាម NBC NEWS, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរំលឹកពិភពលោក ម្តងហើយម្តងទៀត អំពីឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ទីក្រុងមូស្គូ បន្ទាប់ពីលោកបានបញ្ជូនទាហាន ចូលលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីព្យាយាមរារាំងលោកខាងលិច ពីការបង្កើនការគាំទ្រ សម្រាប់ទីក្រុងកៀវ។
សមយុទ្ធអាវុធនុយក្លេអ៊ែរឆុតធំ របស់រុស្ស៊ី នាពេលនេះក៏កើតមានឡើង បន្ទាប់ពី អ៊ុយក្រែន បានបង្កើនការវាយប្រហារ ដោយយន្តហោះដ្រូន របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី កាលពីចុងសប្តាហ៍ ទៅលើតំបន់ជាយ របស់ទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្ស ៣ នាក់ និង ខូចខាតអគារ ព្រមទាំង រោងចក្រឧស្សាហកម្ម មួយចំនួនផងដែរ ៕
ប្រភពពី NBC NEWS, ប្រែសម្រួល ៖ សារ៉ាត
