សេអ៊ូល ៖ កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បត៍នេះ បានបង្ហាញពីក្តីរំពឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ទីក្រុងព្យុងយ៉ាងនាសប្ដាហ៍ក្រោយ អាចនឹងមានរបៀបវារៈស្តីពីផែនការណាត់ជួប រវាង លោក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap, លោក ត្រាំ ធ្លាប់ជួបជាមួយលោក គីម ជុងអ៊ុន ចំនួន ៣ លើកមកហើយ គឺចន្លោះពីឆ្នាំ២០១៨ និង ២០១៩ ពោលគឺក្នុងអាណត្តិដំបូង របស់លោក ត្រាំ ក្នុងនាមជាប្រធានាធិបតីអាមេរិក ។
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Chung Dong-young និយាយថា «ប្រសិនបើទស្សនកិច្ចនេះកើតឡើងមែន នោះគម្រោងជំនួបកំពូលលើកទី ៤ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាកដជានឹងត្រូវបានពិភាក្សា»។
ការអះអាងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដូចគ្នាក្នុងខែឧសភានេះ ។
លោក Chung Dong-young បន្ថែមទៀតថា «ឥឡូវនេះ ជាពេលវេលាសម្រាប់ពួកយើង ក្នុងការសញ្ជឹងគិត យ៉ាងស៊ីជម្រៅ នូវជម្រើសយុទ្ធសាស្ត្រ សម្រាប់ស្ថិរភាព, សន្តិភាព និងវិបុលភាពទៅវិញទៅមក ចំពេលមានការផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី រួមទាំងជុំវិញឧបទ្វីបកូរ៉េផងដែរ» ។
បើតាម Anadolu, ប្រទេសចិន និងកូរ៉េខាងជើង ក៏នឹងប្រារព្ធខួបលើកទី ៦៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាទូលំទូលាយស្តីពីកិច្ចសហប្រតិបត្តិការនៅឆ្នាំ ២០២៦ នេះផងដែរ ៕
ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត