ឡុងដ៍ ៖ ប្រទេសអង់គ្លេស កាលពីថ្ងៃពុធ បានប្រកាសលើកលែង ការដាក់ទណ្ឌកម្មប្រេងរបស់រុស្ស៊ី ដូចសហរដ្ឋអាមេរិក ផងដែរ ពោលគឺចំពេលដែលសង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងបន្តរុញដោលតម្លៃប្រេងសកល ឱ្យកើនឡើងខ្លាំង។

ឡុងដ៍ ៖ ប្រទេសអង់គ្លេស កាលពីថ្ងៃពុធ បានប្រកាសលើកលែង ការដាក់ទណ្ឌកម្មប្រេងរបស់រុស្ស៊ី ដូចសហរដ្ឋអាមេរិក ផងដែរ ពោលគឺចំពេលដែលសង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងបន្តរុញដោលតម្លៃប្រេងសកល ឱ្យកើនឡើងខ្លាំង។
ការបន្ធូរបន្ថយរបស់អង់គ្លេស បានធ្វើឡើង ស្រពេលដែលប្រេងឆៅអន្តរជាតិម៉ាក Brent នៅតែមានតម្លៃ ជិត ១១០ ដុល្លារ ក្នុងមួយធុងបារ៉ែល ពោលគឺលើសឆ្ងាយខ្លាំង ពីកម្រិតតម្លៃ នៅមុនពេលផ្ទុះសង្គ្រាម ដែលផ្តើមចេញពីអាមេរិក និងអ៊ីស្រាអែល ស្រាក់ដៃគ្នា វាយប្រហារអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ។
ថ្លែងការពារចំណាត់ការ ដ៏ចម្រូងចម្រាស់មួយនេះ , លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស អះអាងថា នេះគឺជាការបន្ធូរបន្ថយទណ្ឌកម្ម លើការនាំចូលប្រេង ចាក់យន្តហោះ និងប្រេងម៉ាស៊ូត របស់ទីក្រុងមូស្គូ ។
បើតាមអ្នកនាំពាក្យការិយាល័យ Downing Street, លោក Keir Starmer ក៏បានហៅទូរស័ព្ទ ប្រាប់ទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដើម្បីធានាអះអាង អំពីរឿងនេះផងដែរ ។
ការសម្រេចចិត្តរបស់អង់គ្លេស ដ៏កម្រយ៉ាងដូច្នេះ បានធ្វើឡើង បន្ទាប់ពីមានការលើកលែងទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ចំពោះការដឹកជញ្ជូនប្រេងរុស្ស៊ី នៅលើសមុទ្ររួចទៅហើយផងដែរ ។
បើតាម CNA, សហភាពអឺរ៉ុប បានរិះគន់ការពន្យារពេល លើកលែងទណ្ឌកម្ម របស់សហរដ្ឋអាមេរិក អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្តាប្រទេស G7 កាលពីថ្ងៃអង្គារ ដែល អង់គ្លេស ក៏មានវត្តមានចូលរួមផងដែរ។
ស្នងការសេដ្ឋកិច្ច សហភាពអឺរ៉ុប លោក Valdis Dombrovskis និយាយថា «វាមិនមែនជាពេលវេលា ដើម្បីបន្ធូរបន្ថយសម្ពាធលើរុស្ស៊ី នោះទេ» ។
ប៉ុន្តែ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Dan Tomlinson បាននិយាយថា ការបន្ធូរបន្ថយទណ្ឌកម្ម គឺ ដើម្បីការពារផលប្រយោជន៍ជាតិ របស់ចក្រភពអង់គ្លេស ។
យ៉ាងណា ក្រោយមក រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោក Chris Bryant បានសុំទោសសមាជិកសភា ចំពោះការដោះស្រាយ ភាពច្របូកច្របល់ របស់រដ្ឋាភិបាលលើបញ្ហានេះ ហើយបាននិយាយថា លោកចង់ឱ្យអាជ្ញាប័ណ្ណ មានលក្ខណៈជាបណ្តោះអាសន្ន តាមដែលអាចធ្វើទៅបាន ។
អង់គ្លេសបានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើរុស្ស៊ី បន្ទាប់ពីការលុកលុយចូលអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយកំណត់គោលដៅ លើការនាំចេញប្រេង ព្រមទាំងក្រុមហ៊ុន និងបុគ្គលជាង ៣ ពាន់នាក់ ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
