ស្តុកខុល ៖ ប្រមុខដឹកនាំណាតូបានចេញមុខត្អូញត្អែរថា ប្រទេសសមាជិកបក្សសម្ព័ន្ធយោធាដ៏មានឥទ្ធិពលនេះជាច្រើន បានចំណាយលុយមិនគ្រប់គ្រាន់ ដើម្បីជួយគាំទ្រដល់អ៊ុយក្រែន ពង្រឹងការការពារខ្លួនពីការឈ្លានពានទ្រទ្រាយធំរបស់រុស្ស៊ីទេ ។

ស្តុកខុល ៖ ប្រមុខដឹកនាំណាតូបានចេញមុខត្អូញត្អែរថា ប្រទេសសមាជិកបក្សសម្ព័ន្ធយោធាដ៏មានឥទ្ធិពលនេះជាច្រើន បានចំណាយលុយមិនគ្រប់គ្រាន់ ដើម្បីជួយគាំទ្រដល់អ៊ុយក្រែន ពង្រឹងការការពារខ្លួនពីការឈ្លានពានទ្រទ្រាយធំរបស់រុស្ស៊ីទេ ។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានថ្លែងក្នុងសន្និសិទកាសែតមួយនៅទីក្រុង Helsingborg មុនកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសណាតូ កាលពីថ្ងៃ ព្រហស្បតិ៍ ថា សព្វថ្ងៃ ការផ្តល់ជំនួយដល់អ៊ុយក្រែន មិនត្រូវបានចែកចាយស្មើៗគ្នានៅក្នុងចំណោមសមាជិកអង្គការណាតូទេ ។
លោក Rutte បានសង្កត់ធ្ងន់ថា ប្រទេសសមាជិកណាតូមួយចំនួន រួមទាំងស៊ុយអែត កំពុងខិតខំប្រឹងប្រែងលើសពីទម្ងន់របស់ខ្លួន នៅពេលនិយាយពីការផ្តល់ជំនួយដល់អ៊ុយក្រែន ខណៈពេលដែលប្រទេសសមាជិកមួយចំនួនទៀត មិនបានចំណាយគ្រប់គ្រាន់ទេ ។
ការត្អូញត្អែរនេះ ធ្វើឡើងក្រោយប្រមុខអង្គការណាតូរូបនេះ បាននិយាយកាលពីសប្តាហ៍មុនថា សម្ព័ន្ធមិត្តគួរតែហ៊ានបែងចែក ០,២៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេយកទៅជួយគាំទ្រដល់អ៊ុយក្រែន ។
បើតាម Politico, សំណើរបស់លោក Rutte ដែលអាចដោះស្រាយលុយជំនួយបន្ថែមរាប់សិបពាន់លានដុល្លារនេះ បច្ចុប្បន្នកំពុងប្រឈមមុខនឹងការតវ៉ាជំទាស់យ៉ាងខ្លាំងពីប្រទេសសមាជិកសំខាន់ៗមួយចំនួន ។
យោងតាមទិន្នន័យពីវិទ្យាស្ថាន Kiel, បណ្តាប្រទេស Nordic និងBaltic រួមទាំងហូឡង់ និងប៉ូឡូញ បានលះបង់ចំណែកនៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ ខ្ពស់ជាងប្រទេសសម្ព័ន្ធមិត្តជាច្រើនទៀត សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
