វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានដាក់មហិច្ឆតាបង្កើនការផលិតនាវាចម្បាំងគ្មានមនុស្សបើកលើផ្ទៃទឹក និងក្រោមទឹក ដើម្បីពង្រឹងសមត្ថភាពកងនាវាចម្បាំងរបស់ខ្លួន ទប់ទល់នឹងឥទ្ធិពលកងទ័ពជើងទឹករបស់ប្រទេសចិន ។
បើតាម Interesting engineering, កងទ័ពជើងទឹកអាមេរិកបានកំណត់គោលដៅផលិតនាវាចម្បាំងឲ្យបានចំនួន ៤៥០ គ្រឿងក្នុងរយៈពេល ៣០ ឆ្នាំ ។
ក្នុងនោះ មាននាវាចម្បាំងធម្មតាចំនួន ២៩៩ គ្រឿង នាវាជំនួយចំនួន ៦៨ គ្រឿង រួមទាំងនាវាចម្បាំងគ្មានមនុស្សបើកដំណើរការលើផ្ទៃទឹក និងក្រោមទឹកចំនួន ៨៣ គ្រឿង ។
នៅក្នុងផែនការមេ កងទ័ពជើងទឹកអាមេរិកគ្រោងនឹងដាក់ពង្រាយនាវាចម្បាំងគ្មានមនុស្សបើកចំនួន ៨៣ គ្រឿង ឲ្យបានឆាប់បំផុតត្រឹមឆ្នាំ ២០៣១ និងយូរបំផុតត្រឹមឆ្នាំ ២០៣២ ។
ក្នុងនោះ រួមមាននាវាចម្បាំងគ្មានមនុស្សបើកដំណើរការលើផ្ទៃទឹកខ្នាតមធ្យម ហៅកាត់ MUSVs ចំនួន ៤៧ គ្រឿង និងនាវាចម្បាំងគ្មានមនុស្សបើកដំណើរការក្រោមទឹកខ្នាតធំ ហៅកាត់ XLUUVs ចំនួន ៣៦ គ្រឿង ។
នាវាចម្បាំងគ្មានមនុស្សបើកដំណើរការលើផ្ទៃទឹក និងក្រោមទឹកទាំងនេះ ត្រូវបានគេរំពឹងថា នឹងដើរតួជាអ្នកឈ្លបយកការណ៍ ផ្ដល់ទិន្នន័យសម្ងាត់ ធ្វើសង្គ្រាមអេឡិចត្រូនិក និងធ្វើជាខែលការពារឱ្យនាវាចម្បាំងធំៗរបស់សហរដ្ឋអាមេរិក ។ ជាពិសេស ពួកវានឹងធ្វើឱ្យកងទ័ពជើងទឹករបស់ប្រទេសចិន ពិបាកតាមដាន និងកំណត់គោលដៅវាយប្រហារ ។
យោងតាម Engineering Facts, នាវាទាំងនេះ ត្រូវបានគេហៅថា “នាវាខ្មោច” ពីព្រោះពួកវាអាចធ្វើប្រតិបត្តិការបានយូរថ្ងៃ និងអាចចូលទៅក្នុងតំបន់គ្រោះថ្នាក់ខ្លាំង ដូចជាច្រកសមុទ្រតៃវ៉ាន់ ឬសមុទ្រចិនខាងត្បូង ដោយមិនបារម្ភពីការបាត់បង់ជីវិតកងនាវិកអាមេរិកឡើយ ។
បច្ចុប្បន្ន កងទ័ពជើងទឹករបស់ប្រទេសចិន មានចំនួននាវាចម្បាំងច្រើនជាងគេបំផុតនៅលើពិភពលោក ។ ដូច្នេះ សហរដ្ឋអាមេរិកត្រូវតែប្រើប្រាស់យុទ្ធសាស្ត្រផលិតនាវាចម្បាំងគ្មានមនុស្សបើកតម្លៃថោក ប៉ុន្តែមានចំនួនច្រើន ដើម្បីមកបំពេញចន្លោះប្រហោង ជាពិសេសទប់ទល់នឹងបរិមាណនាវាចម្បាំងដ៏ច្រើនរបស់មហាយក្សចិន ៕
ប្រភព ៖ Interesting engineering និង Engineering Facts ប្រែសម្រួល ៖ ឈឹម ទីណា


























