ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីស្រាអែលនឹងនៅតែរក្សាសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពយោធាប្រឆាំងនឹងការគំរាមកំហែងនានា ទាំងនៅក្នុងប្រទេសលីបង់ និងគ្រប់សមរភូមិទាំងអស់ ។
លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ថែមទាំងបានអះអាងថា រូបលោក និងលោកប្រធានាធិបតី ត្រាំ ក៏បានឯកភាពគ្នា ក្នុងអំឡុងការសន្ទនាទូរស័ព្ទ កាលពីថ្ងៃ អាទិត្យ ថា កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែរ ដែលបង្កឡើងដោយទីក្រុងតេហេរ៉ង់ ជាដាច់ខាត ។
បើតាម CNA, មេដឹកនាំអ៊ីស្រាអែលរូបនេះ បានបង្ហោះសារលើ Telegram ថា កិច្ចព្រមព្រៀងចុងក្រោយណាមួយ នឹងតម្រូវឱ្យរុះរើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងដកហូតសម្ភារៈចម្រាញ់សារធាតុផលិតអាវុធនុយក្លេអ៊ែរចេញពីទឹកដីរបស់ប្រទេសអ៊ីរ៉ង់ ។
យោងតាមប្រភពពីមន្ត្រីនយោបាយអ៊ីស្រាអែល, ក្នុងកិច្ចពិភាក្សានោះ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកនឹងនៅតែប្រកាន់ជំហររឹងមាំក្នុងការចរចា ដោយតម្រូវឱ្យមានការរំលាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចទាំងអស់ចេញពីទឹកដីអ៊ីរ៉ង់ ហើយលោកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយឡើយ បើគ្មានលក្ខខណ្ឌទាំងនេះ ។
យ៉ាងណា ការសន្ទនារវាងមេដឹកនាំទាំងពីរ ត្រូវបានធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងឈានទៅរកការព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា