វ៉ាស៊ីនតោន ៖ ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយរិះគន់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដោយចោទប្រកាន់ថា គោលនយោបាយពង្រឹងវិស័យការពារជាតិរបស់ជប៉ុន ជា “លទ្ធិយោធានិយមបែបថ្មី” និងកំពុងគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ ។
ការរិះគន់មិនសំចៃមាត់របស់លោក Xi ធ្វើឡើងកាលពីអំឡុងជំនួបកំពូលទ្វេភាគីនៅទីក្រុងប៉េកាំង កាលពីពាក់កណ្តាលខែឧសភា កន្លងទៅនេះ ប៉ុន្តែនៅពេលនោះ លោក Trump បានបដិសេធមិនយល់ស្របតាមការរិះគន់នោះទេ ហើយថែមទាំងបានចេញមុខការពារមេដឹកនាំជប៉ុនភ្លាមៗ ។
បើតាម Japan today, លោក Xi បានហៅលោកស្រី Takaichi និងលោក Lai Ching-te ប្រធានាធិបតីតៃវ៉ាន់ ថា ជាអ្នកបង្កការគំរាមកំហែងដល់សន្តិភាពតំបន់ ដោយសារជប៉ុនធ្លាប់ប្រកាសថា នឹងមានចំណាត់ការយោធា បើសិនចិនវាយប្រហារកោះតៃវ៉ាន់ ។
ក្រៅពីការរិះគន់ លោកប្រធានាធិបតី Xi បានព្យាយាមបញ្ចុះបញ្ចូល និងជំរុញឱ្យលោកប្រធានាធិបតី Trump ដកការគាំទ្រពីមេដឹកនាំជប៉ុន និងតៃវ៉ាន់ ។
យ៉ាងណា លោក Trump មិនបានអើពើនឹងការរិះគន់របស់ចិនឡើយ ដោយលោកបានតបទៅលោក Xi វិញថា លោកស្រី Takaichi គឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់ និងមិនស័ក្តិសមនឹងទទួលបានការរិះគន់បែបនេះទេ ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅចិនភ្លាម លោក Trump បានទូរស័ព្ទទៅលោកស្រីនាយករដ្ឋមន្រ្តី Takaichi ដើម្បីចែករំលែកពីកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង និងបញ្ជាក់ឡើងវិញ ពីសម្ព័ន្ធភាព “ដែកថែប” រវាងសហរដ្ឋអាមេរិក និងជប៉ុន ៕
ប្រភព ៖ Japan today ប្រែសម្រួល ៖ ឈឹម ទីណា