ការ៉ាកាស ៖ តាមការគ្រោងទុក យោធាអាមេរិកបានធ្វើសមយុទ្ធមួយ នៅក្នុងរដ្ឋធានី ការ៉ាកាស របស់ប្រទេសវេណេស៊ុយអេឡា។ នេះគឺជាការហាត់សម អំពីភាពអាសន្នដែលអាចកើតមាន និង ការជម្លៀសខ្លួន នៅឯស្ថានទូត របស់ខ្លួន ហើយជាសមយុទ្ធ ដែលធ្វើឡើង បន្ទាប់ពីកងកម្លាំងអាមេរិកចូលទៅចាប់ខ្លួន មេដឹកនាំប្រទេស គឺ លោក ម៉ាឌូរ៉ូ កាលពីដើមខែមករា។
សមយុទ្ធនេះ ពាក់ព័ន្ធនឹងយន្តហោះ USMC MV-22B Osprey ពីរគ្រឿង ដែលបានចុះចត នៅជិតស្ថានទូតអាមេរិក ក៏ដូចជា នាវាកងទ័ពជើងទឹក ដែលបានចូលដែនទឹកវេណេស៊ុយអេឡា។
ស្ថានទូតបាននិយាយថា «ការធានានូវសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័សរបស់កងទ័ព គឺជាធាតុផ្សំសំខាន់នៃការត្រៀមខ្លួន បេសកកម្ម ទាំងនៅក្នុងប្រទេសវេណេស៊ុយអេឡា និង ជុំវិញពិភពលោក»។
បើតាម RT, សមយុទ្ធ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរ គឺជាសមយុទ្ធយោធាអាមេរិកលើកដំបូង ធ្វើឡើងនៅក្នុងប្រទេសនេះ ពោលគឺចាប់តាំងពីទីក្រុង វ៉ាស៊ីនតោន បានចាប់ពង្រត់ ប្រធានាធិបតី លោក Nicolas Maduro និងភរិយា ប្រមាណ ៥ខែ កន្លងមកនេះ។
អាជ្ញាធរបណ្តោះអាសន្នរបស់ប្រទេសនេះ បានសហការយ៉ាងសកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីការវាយឆ្មក់មក។ លោក Maduro នៅតែជាប់ឃុំឃាំង ក្នុងទឹកដីសហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ជាច្រើន រួមទាំង ករណីជួញដូរគ្រឿងញៀនផងដែរ។ ប៉ុន្តែ លោក Maduro បានបដិសេធ យ៉ាងដាច់អហង្ការ រាល់ការចោទប្រកាន់ ដោយពណ៌នាខ្លួនលោកថា ជា “អ្នកទោសសង្គ្រាម”៕
ប្រភព RT ប្រែសម្រួល ៖ សារ៉ាត