ព្រុចសែល ៖ ប្រទេសក្នុងប្លុកអង្គការណាតូចំនួន ៥ រួមមាន ចក្រភពអង់គ្លេស បារាំង អេស្ប៉ាញ អ៊ីតាលី និងកាណាដា បានរារាំងសំណើបង្ខំឱ្យរដ្ឋសមាជិកទាំងអស់ បែងចែកថវិកាជាតិចំនួន ០.២៥% នៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន ។
បើតាម Telegraph, មូលហេតុដែលរដ្ឋណាតូទាំង ៥ ប្រឆាំងផែនការនេះ ពីព្រោះប្រទេសទាំងនោះយល់ឃើញថា វាជាការលូកដៃចូលកិច្ចការផ្ទៃក្នុង និងប៉ះពាល់ដល់ការសម្រេចចិត្តលើកញ្ចប់ថវិកាការពារជាតិរបស់ប្រទេសនីមួយៗ ។
សំណើបង្កើតមូលនិធិចាំបាច់នេះ ត្រូវបានជំរុញ និងគាំទ្រយ៉ាងខ្លាំងដោយបណ្តាប្រទេសក្នុងតំបន់បាល់ទិក រួមមានអេស្តូនី ឡាតវី និងលីទុយអានី ។
ហើយគោលបំណងរួម គឺដើម្បីធានាប្រភពថវិកាជំនួយយោធាដ៏រឹងមាំ និងមានស្ថិរភាពយូរអង្វែងសម្រាប់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមជាមួយរុស្ស៊ី ។
ជុំវិញបញ្ហានេះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និយាយថា សំណើនេះនឹងមិនអាចសម្រេចទៅរួចឡើយ ប្រសិនបើគ្មានការឯកភាពពេញលេញពីសមាជិកទាំងអស់ ។
យ៉ាងណា ប្រមុខអង្គការណាតរូបនេះ នៅតែសង្ឃឹមថា សមាជិកទាំងអស់ នឹងផ្តល់សច្ចាប័នលើសំណើនោះ នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្ត ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី នាថ្ងៃទី៧ និង៨ ខែកក្កដា ។
បើតាម RT, យ៉ាងហោចណាស់រដ្ឋសមាជិកណាតូចំនួន ៧ រួមមាន ហូឡង់, ប៉ូឡូញ ព្រមទាំងប្រទេស Nordic និងBaltic ចំនួន ៥ ផ្សេងទៀតបានចំណាយលើសពី០.២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ លើការផ្គត់ផ្គង់ជំនួយយោធាដល់អ៊ុយក្រែន ។
បច្ចុប្បន្ន សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលផ្ដើមចេញពីការលុកលុយទ្រង់ទ្រាយធំរបស់កងទ័ពទីក្រុងមូស្គូ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអូសបន្លាយពេលអស់រយៈពេលជាង ៤ ឆ្នាំហើយ ខណៈ ជម្លោះមួយនេះ ក៏មិនទាន់បង្ហាញសញ្ញាណាមួយឈានដល់ទីបញ្ចប់នៅឡើយទេនោះដែរ ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា