វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃ ចន្ទ ថា ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ នឹងត្រូវផ្ទេរទៅឲ្យសហរដ្ឋអាមេរិកភ្លាមៗ ដើម្បីបំផ្លាញចោល ឬកម្ទេចចោលនៅនឹងកន្លែង ឬក៏បំផ្លាញចោលនៅទីតាំងផ្សេងទៀតតាមដែលអាចធ្វើទៅបាន ។
មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារលើ Truth Social ថា សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច ដែលលោកហៅថា ធូលីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវតែប្រគល់ឱ្យសហរដ្ឋអាមេរិកជាបន្ទាន់ ដើម្បីយកទៅកម្ទេចចោល ឬត្រូវបំផ្លាញចោលនៅនឹងកន្លែង ឬក៏ទីតាំងសមស្របណាមួយផ្សេងទៀត ក្រោមការសម្របសម្រួលជាមួយអ៊ីរ៉ង់ និងមានការដឹងឮពីគណៈកម្មការថាមពលបរមាណូ ។
ការអះអាងរបស់លោក ត្រាំ ធ្វើឡើងចំពេលដែលតំណាងរបស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងបន្តការចរចាគ្នា តាមរយៈប្រទេសសម្របសម្រួលក្នុងតំបន់ ដូចជាកាតា ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាព និងបញ្ចប់ជម្លោះ ។
បើតាម Anadolu, លោកប្រធានាធិបតី ត្រាំ និងលោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានប្រកាន់ជំហរដាច់ខាតថា សង្គ្រាមមិនអាចបញ្ចប់បានឡើយ ដរាបណាអ៊ីរ៉ង់នៅតែរក្សាទុកឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ទាំងនោះ ។
យ៉ាងណា ភាគីអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា បញ្ហាអ៊ុយរ៉ាញ៉ូមនេះ មិនទាន់មានការព្រមព្រៀងជាផ្លូវការណាមួយនៅក្នុងឯកសារអនុស្សរណៈឡើយ ហើយអ៊ីរ៉ង់នៅតែទាមទារសិទ្ធិស្របច្បាប់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងគោលបំណងស៊ីវិល និងសន្តិវិធី នេះបើតាមស៊ីនហួរ ៕
ប្រភព ៖ Anadolu និង Xinhua ប្រែសម្រួល ៖ ឈឹម ទីណា