មូស្គូ ៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានប្រាប់ដោយផ្ទាល់ទៅកាន់លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកកាលពីថ្ងៃចន្ទថា រុស្ស៊ីនឹងវាយប្រហារឈុតធំទៅលើទឹកដីអ៊ុយក្រែន ហើយជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនប្រញាប់ជម្លៀសមន្ត្រីទូតរបស់ខ្លួនចេញពីទីក្រុងកៀវឲ្យបានលឿន ដើម្បីរួចផុតពីគ្រោះថ្នាក់ ។
ការជូនដំណឹងនេះធ្វើឡើង ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ដោយបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងចាប់ផ្តើមការវាយប្រហារជាប្រព័ន្ធតាមរយៈការប្រើប្រាស់យន្តហោះចម្បាំង និងមីស៊ីលទៅលើទីតាំងយោធានានាស្ថិតក្នុងទីក្រុងកៀវ ។
លោក Sergey Lavrov ប្រាប់ថា ការវាយប្រហារឈុតធំលើអ៊ុយក្រែន នាពេលខាងមុខនេះ នឹងធ្វើឡើង ដើម្បីទុកជាការឆ្លើយតប ចំពោះសកម្មភាពបន្តវាយប្រហាររបស់ទីក្រុង កៀវ ប្រឆាំងនឹងប្រជាជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសរុស្ស៊ី ។
ជាមួយគ្នានេះ លោក Sergey Lavrov ក៏បានណែនាំលោក Marco Rubio ឲ្យប្រាប់មន្ត្រីទូតរបស់អាមេរិក ជាមួយនឹងពលរដ្ឋប្រទេសផ្សេងៗទៀត ប្រញាប់ចាកចេញពីរដ្ឋធានី របស់ប្រទេសអ៊ុយក្រែន ផងដែរ ។
អំឡុងការសន្ទនានោះ, លោក Sergey Lavrov ក៏បានសម្តែងការសោកស្តាយ ចំពោះអ្វីដែលោកអះអាងថា ឥស្សរជនអឺរ៉ុប និង ទីក្រុង កៀវ កំពុងធ្វើឱ្យខូចដល់កិច្ចព្រមព្រៀង ដែលត្រួសត្រាយផ្លូវ សម្រាប់ដំណោះស្រាយបញ្ចប់ជម្លោះរយៈពេលវែង ។
ដូចគ្នានេះផងដែរ, លោក Lavrov និង លោក Rubio បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តទៅវិញទៅមក ជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យការងាររបស់បេសកកម្មការទូតរុស្ស៊ី និងសហរដ្ឋអាមេរិក វិលត្រលប់មកមានលក្ខណៈធម្មតាឡើងវិញផងដែរ ៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត