មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ក្នុងថ្ងៃ ចន្ទ ដោយលុបចោលបំណុលដល់ទៅជិត ១៤ ម៉ឺនដុល្លារ ជូនដល់ទាហានថ្មី និងគ្រួសាររបស់ពួកគេ ដែលស្ម័គ្រចិត្តចុះកិច្ចសន្យាចូលរួមទៅប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន ។

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ក្នុងថ្ងៃ ចន្ទ ដោយលុបចោលបំណុលដល់ទៅជិត ១៤ ម៉ឺនដុល្លារ ជូនដល់ទាហានថ្មី និងគ្រួសាររបស់ពួកគេ ដែលស្ម័គ្រចិត្តចុះកិច្ចសន្យាចូលរួមទៅប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន ។
ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុនេះ ធ្វើឡើងក្នុងគោលបំណងកៀរគរកម្លាំងទាហានថ្មីៗបន្ថែមទៀត សំដៅពង្រឹងសមត្ថភាពកងទ័ពរុស្ស៊ី ក្នុងអំឡុងសង្គ្រាមអ៊ុយក្រែនដ៏រ៉ាំរ៉ៃ ដែលបានអូសបន្លាយជាង ៤ ឆ្នាំកន្លងមកនេះ ខណៈដែលកិច្ចចរចាសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិក នៅតែបន្តជាប់គាំង ។
ប៉ុន្តែការផ្តល់ជូននេះ សម្រាប់តែបុគ្គលដែលបានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៊ី ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះតទៅ ។ សាមីខ្លួនត្រូវចុះកិច្ចសន្យាចូលរួមក្នុងកងទ័ពយ៉ាងហោចណាស់រយៈពេល ១ ឆ្នាំ។
បើតាម Straits Times, ក្រៅពីការលុបបំណុល លោកប្រធានាធិបតី Putin ក៏បានចុះហត្ថលេខាលើច្បាប់មួយទៀត ដោយផ្តល់សិទ្ធិជួលដីធ្លីរបស់រដ្ឋដោយមិនកំណត់ពេលវេលា សម្រាប់អ្នកដែលចូលរួមប្រយុទ្ធនៅសមរភូមិសង្គ្រាមអ៊ុយក្រែនផងដែរ ។
យ៉ាងណា ការលុបចោលបំណុលនេះ អនុវត្តចំពោះតែបំណុលចាស់ៗ ពោលគឺប្រាក់កម្ចីដែលយកមុនពេលចុះកិច្ចសន្យាយោធា ដែលមានដីកាតុលាការ ឬមានចំណាត់ការបង្ខំសងប្រាក់ឱ្យរួចរាល់ មុនកាលបរិច្ឆេទចុះកិច្ចសន្យាតែប៉ុណ្ណោះ ។ បំណុលដែលអាចលុបចោលបានមានចំនួនមិនលើសពី ១៤ ម៉ឺនដុល្លារឡើយ ។
យោងតាមរ៉យទ័រ, គោលនយោបាយនេះ គឺជាការបន្ត និងពង្រីកវិសាលភាពបន្ថែមពីលើច្បាប់ដែលលោកប្រធានាធិបតី Putin បានអនុម័តកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលកាលនោះផ្តល់ការលុបបំណុលសម្រាប់អ្នកចុះកិច្ចសន្យាចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ។
គិតមកទល់ឆ្នាំ ២០២៦នេះ ស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានឈានចូលដល់ឆ្នាំទី ៥ នៅតែស្ថិតក្នុងស្ថានភាពជាប់គាំងផ្នែកយោធា ។
ទោះបីជាមានលទ្ធភាពខ្លះនៃការឈានទៅរកការផ្អាកបាញ់គ្នារយៈពេលខ្លី ឬជាបណ្តោះអាសន្នក្តី ប៉ុន្តែការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពពេញលេញ និងយូរអង្វែងក្នុងឆ្នាំនេះ គឺនៅមានភាពស្រពិចស្រពិល ៕
ប្រភព ៖ Straits Times និង រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
