សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃ អង្គារ បានដាក់មហិច្ឆតាបញ្ចប់ការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលផលិតក្នុងស្រុកដំបូងបង្អស់ និងដាក់ឲ្យដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ខាងមុខ ។

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃ អង្គារ បានដាក់មហិច្ឆតាបញ្ចប់ការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលផលិតក្នុងស្រុកដំបូងបង្អស់ និងដាក់ឲ្យដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ខាងមុខ ។
ការតាំងចិត្តនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងសម្រេចបាននូវកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលអនុញ្ញាតឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើគម្រោងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងនោះរួមទាំងការពិភាក្សាអំពីប្រភពប្រេងឥន្ធនៈ និងតម្រូវការបច្ចេកទេស ។
អំឡុងកិច្ចប្រជុំយុទ្ធសាស្ត្រការពារជាតិដឹកនាំដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅមូលដ្ឋានកងទ័ពជើងទឹក ក្នុងទីក្រុង Changwon, រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បាននិយាយថា យើងនឹងខិតខំធ្វើការ ដើម្បីដាក់ដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរលើកដំបូង នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ឬបន្ទាប់ពីនោះ ។
យោងតាម Anadolu, នាវាមុជទឹកនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពយោធារបស់កូរ៉េខាងត្បូង ពីព្រោះពួកវាអាចនៅក្នុងទឹកបានយូរ និងដំណើរការជាមួយល្បឿនលឿន និងការចល័តខ្ពស់ជាងនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតធម្មតា ។
ផ្អែកតាមប្រមុខការពារជាតិកូរ៉េខាងត្បូង, នាវាមុជទឹកនេះ នឹងប្រើប្រាស់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលមានកម្រិតទាបរហូតដល់ ២០ភាគរយ សម្រាប់ប្រើប្រាស់ជាប្រេងឥន្ធនៈ ។
គម្រោងអភិវឌ្ឍនាវាមុជទឹកមានឈ្មោះថា “Jangbogo N» នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីពង្រឹងសន្តិសុខដែនសមុទ្ររបស់កូរ៉េខាងត្បូង និងទប់ទល់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលមានមូលដ្ឋានលើនាវាមុជទឹកកូរ៉េខាងជើង ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
