ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិថ្មីមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខ ជាពិសេសទប់ទល់ការគំរាមកំហែង និងការវាយប្រហារតាមបែបសង្គ្រាមកូនកាត់ពីសំណាក់រុស្ស៊ី ។
សន្ធិសញ្ញាសន្តិសុខថ្មីនេះ មានគោលបំណងអនុញ្ញាតឱ្យប្រទេសទាំងពីរ រួមបញ្ចូលគ្នានូវជំនាញ និងសមត្ថភាពឧស្សាហកម្មរបស់កងកម្លាំងប្រដាប់អាវុធទាំងពីរ ព្រមទាំងការអភិវឌ្ឍ និងផលិតគ្រឿងសព្វាវុធជំនាន់ក្រោយៗ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលអង់គ្លេស ។
យោងតាម France24, វាក៏ជាការត្រួសត្រាយផ្លូវសម្រាប់សម្ព័ន្ធមិត្តទាំងពីរ អាចធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ការលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក ដើម្បីពង្រឹងសន្តិសុខផ្នែកខាងកើតរបស់ណាតូ ។
មិនត្រឹមតែប៉ុណ្ណោះ ធាតុផ្សំសន្តិសុខនៃសន្ធិសញ្ញានេះ ក៏នឹងជំរុញការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងការវាយប្រហារផ្នែកព័ត៌មានវិទ្យា ការធ្វើចំណាកស្រុក និងសន្តិសុខសុខភាពជាដើម ។
បើតាម Politico, លោក Starmer បានហៅសន្ធិសញ្ញានេះថា ជាការលើកកម្ពស់ទំនាក់ទំនងការពារជាតិដ៏ធំបំផុត សម្រាប់មនុស្សជំនាន់ក្រោយ រីឯលោក Tusk វិញ បានចាត់ទុកថា វាជាខែលការពារដ៏រឹងមាំសម្រាប់ប៉ូឡូញ និងអឺរ៉ុបខាងកើតទាំងមូល ។
សន្ធិសញ្ញាសន្តិសុខថ្មីនេះទៀតសោត ត្រូវបានធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេសបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិស្រដៀងគ្នាជាមួយប្រទេសអាល្លឺម៉ង់ និងបារាំង ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕
ប្រភព ៖ France24 និង Politico ប្រែសម្រួល ៖ ឈឹម ទីណា