តេហេរ៉ង់ ៖ កងឆ្មាំអ៊ីរ៉ង់ និយាយនៅថ្ងៃព្រហស្បតិ៍នេះ ថា ខ្លួនបានកំណត់គោលដៅ វាយប្រហារ លើមូលដ្ឋានទ័ពអាមេរិក ទុកជាការសងសឹក ចំពោះការវាយប្រហារ របស់ទីក្រុងវ៉ាស៊ីនតោន ចុងក្រោយនេះ។

តេហេរ៉ង់ ៖ កងឆ្មាំអ៊ីរ៉ង់ និយាយនៅថ្ងៃព្រហស្បតិ៍នេះ ថា ខ្លួនបានកំណត់គោលដៅ វាយប្រហារ លើមូលដ្ឋានទ័ពអាមេរិក ទុកជាការសងសឹក ចំពោះការវាយប្រហារ របស់ទីក្រុងវ៉ាស៊ីនតោន ចុងក្រោយនេះ។
បើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB , ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានរៀបរាប់ថា «បន្ទាប់ពីការឈ្លានពាន ដោយយោធាសហរដ្ឋអាមេរិក ប្រឆាំងនឹងទីតាំងមួយ នៅជាយក្រុង នៃ អាកាសយានដ្ឋាន Bandar Abbas ដោយប្រើកាំជ្រួចពីលើអាកាស, មូលដ្ឋានទ័ពអាកាសអាមេរិក ដែលបម្រើជាប្រភពនៃការវាយប្រហារ ត្រូវបានកំណត់គោលដៅ នៅម៉ោង ៤និង៥០នាទីព្រឹក»។
យ៉ាងណា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ មិនបានផ្តល់ព័ត៌មានលម្អិត អំពីទីតាំងនៃមូលដ្ឋាននេះទេ ទោះបីជាគុយវ៉ែត ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនឆ្លើយតបទៅនឹងការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដូចគ្នា។
ការអះអាងរបស់អ៊ីរ៉ង់ ធ្វើឡើង ភ្លាមៗ បន្ទាប់ពីយោធាអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ចំនួន ៤ គ្រឿង ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ហើយបានវាយប្រហារមជ្ឈមណ្ឌលគ្រប់គ្រងមួយ នៅក្នុងទីក្រុងកំពង់ផែ Bandar Abbas នេះបើតាមសារព័ត៌មានអាមេរិក CNN និង The New York Times ដែលបានរាយការណ៍ កាលពីល្ងាចថ្ងៃពុធ តាមរយៈការស្រង់សម្តី មន្ត្រីដែលមិនបញ្ចេញឈ្មោះ។
ការវាយប្រហារនេះ កើតឡើង នៅ១ថ្ងៃបន្ទាប់ពីអាមេរិក បានវាយប្រហារកប៉ាល់តូចៗអ៊ីរ៉ង់ នៅជុំវិញច្រកសមុទ្រហ័រមូស ដោយចោទថា នាវាទាំងនោះចង់ដាក់មីន និងលើកហេតុផលចង់ទប់ស្កាត់ការគំរាមកំហែងពីអ៊ីរ៉ង់។ យ៉ាងណាមិញ គឺជាការវាយប្រហារ អំឡុងបទឈប់បាញ់៕
ប្រភព៖ AFP , ប្រែសម្រួល ៖ សារ៉ាត
