ព្យុងយ៉ាង ៖ ប្រទេសសិង្ហបុរីបានជំរុញឱ្យកូរ៉េខាងជើងចូលរួមកិច្ចសន្ទនាក្នុងតំបន់ និងរក្សាបណ្តាញទំនាក់ទំនងឱ្យបើកចំហ ក្នុងគ្រាដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា និងការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងខ្លាំង ។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានជំរុញបែបនេះ ក្នុងអំឡុងទស្សនកិច្ចការងាររយៈពេលពីរថ្ងៃ នៅរដ្ឋធានីព្យុងយ៉ាង ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែឧសភា តបតាមការអញ្ជើញរបស់ប្រមុខការទូតកូរ៉េខាងជើង លោកស្រី Choe Son Hui ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសិង្ហបុរី, លោក Balakrishnan បានលើកឡើងថា ស្ថានភាពអន្តរជាតិបច្ចុប្បន្ន មានភាពគ្រោះថ្នាក់ និងប្រែប្រួលខ្លាំង ដូច្នេះហើយ ការពិគ្រោះយោបល់ និងការកសាងទំនុកចិត្តកាន់តែមានសារៈសំខាន់ ។
ទន្ទឹមគ្នា ប្រមុខការទូតទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិយោបល់គ្នា ជុំវិញបញ្ហាសន្តិសុខក្នុងតំបន់ និងស្ថានការវិវត្តចុងក្រោយនៅលើឧបទ្វីបកូរ៉េ ។



























