អាសតាណា ៖ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev និយាយថា រូបលោករំពឹងថា ទំហំពាណិជ្ជកម្មរវាងកាហ្សាក់ស្ថាន និងរុស្ស៊ី នឹងកើនឡើងដល់ ៣០ ពាន់លានដុល្លារ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ។

អាសតាណា ៖ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev និយាយថា រូបលោករំពឹងថា ទំហំពាណិជ្ជកម្មរវាងកាហ្សាក់ស្ថាន និងរុស្ស៊ី នឹងកើនឡើងដល់ ៣០ ពាន់លានដុល្លារ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ។
ការរំពឹងទុកបែបនេះរបស់លោក Tokayev កើតឡើងបន្ទាប់ពីរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកាហ្សាក់ស្ថាន កាលពីថ្ងៃ ព្រហស្បតិ៍ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរលើកដំបូង ក្នុងប្រទេសធំបំផុតនៅអាស៊ីកណ្តាលមួយនេះ ក្នុងតម្លៃប្រហែល ១៦,៥ ពាន់លានដុល្លារ ។
បើតាម Anadolu, លោកប្រធានាធិបតី Tokayev និយាយថា រុស្ស៊ីនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់កាហ្សាក់ស្ថាន ហើយរុស្ស៊ីក៏នៅតែជាប្រភពវិនិយោគផ្ទាល់ពីបរទេសឈានមុខគេរបស់កាហ្សាក់ស្ថាន ។
ចំណែកលោកប្រធានាធិបតី ពូទីន វិញ បានពិពណ៌នាអំពីកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ថា ជា “ឧទាហរណ៍នៃអន្តរកម្មស្ថាបនាក្នុងកិច្ចការអន្តរជាតិ “ ។
យោងតាម Straits Times, កាហ្សាក់ស្ថាន ជាប្រទេសសម្បូរដោយប្រេង និងហ្គាស ប៉ុន្តែមិនមានរោងចក្រថាមពលនុយក្លេអ៊ែរសម្រាប់ផលិតអគ្គិសនីនោះទេ ចាប់តាំងពីឆ្នាំ ១៩៩៩ ។
បច្ចុប្បន្ន កាហ្សាក់ស្ថាន គឺជាប្រទេសផលិតសារធាតុអ៊ុយរ៉ាញ៉ូមដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែបែរជាពឹងផ្អែកយ៉ាងខ្លាំងលើថាមពលធ្យូងថ្ម ដើម្បីផ្គត់ផ្គង់អគ្គិសនីក្នុងស្រុកទៅវិញ ។
យ៉ាងណា កាលពីឆ្នាំ ២០២៤ ប្រជាពលរដ្ឋកាហ្សាក់ស្ថានបានបោះឆ្នោតគាំទ្រការសាងសង់រោងចក្រថ្មី ដោយប្រទេសនេះមានផែនការផលិតថាមពលនុយក្លេអ៊ែរឱ្យបាន ២.៤ ជីហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០៣៥ ៕
ប្រភព ៖ Anadolu និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

