សេអ៊ូល ៖ ទាហានកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជិតព្រំដែន ជាមួយប្រទេសកូរ៉េខាងជើង។

សេអ៊ូល ៖ ទាហានកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជិតព្រំដែន ជាមួយប្រទេសកូរ៉េខាងជើង។
យោងតាមក្រសួងការពារជាតិ, សមយុទ្ធបាញ់គ្រាប់ពិតនេះ បានធ្វើឡើង នៅទីលានហ្វឹកហាត់ Seungjin Fire ស្ថិតក្នុងទីក្រុង Pocheon ចម្ងាយត្រឹមតែ ២៥គីឡូម៉ែត្រ ភាគខាងត្បូងនៃព្រំដែនអន្តរកូរ៉េ។ ទីក្រុង Pocheon ស្ថិតក្បែរនឹងតំបន់គ្មានយោធា ហៅកាត់ DMZ ដែលបែងចែកប្រទេសកូរ៉េខាងត្បូង ពីកូរ៉េខាងជើង។
ប្រភពបន្តថា នៅឆ្នាំនេះ យោធាបានចល័តកងទ័ព ប្រហែល ១,៤០០នាក់ ពីអង្គភាពចំនួន ២៧ ទូទាំងសាខាយោធា រួមមាន កងទ័ពជើងទឹក, កងទ័ពអាកាស និងកងម៉ារីន រួមជាមួយនឹងសម្ភារៈគ្រឿងសឹក ចំនួន ៤៥៧ឈុត រួមមានទាំង ប្រព័ន្ធប្រយុទ្ធគ្មានមនុស្សបើក។
បើតាម Yonhap, នេះគឺជាសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា លើកដំបូង ដែលបានធ្វើឡើង ក្រោមការគ្រប់គ្រង របស់លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះ ក៏មានអ្នកសង្កេតការណ៍ស៊ីវិល ចូលរួមត្រួតពិនិត្យ ចំនួន៤០០នាក់ ជាមួយរដ្ឋមន្ត្រីការពារជាតិ ព្រមទាំង អ្នកចូលរួម ជិត២,០០០នាក់៕
ប្រភព ៖ AFP, Yonhap, ប្រែសម្រួល ៖ សារ៉ាត

