មូស្គូ ៖ ប្រទេសរុស្ស៊ីបានព្រមានធ្ងន់ៗថា ការបើកដៃឲ្យប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាមេរិក ដាក់ពង្រាយនៅលើទឹកដីប្រទេសជប៉ុន ទោះបីជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធាក៏ដោយ វាគឺជាការគំរាមកំហែងដល់សន្តិសុខនៃព្រំដែនភាគខាងកើតរបស់ប្រទេសរុស្ស៊ី ។
ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់រុស្ស៊ី កើតឡើងបន្ទាប់ពីយោធាអាមេរិកមានគម្រោងដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយមធ្យម Typhon និងប្រព័ន្ធរ៉ុក្កែត Himars ទៅកាន់ភាគនិរតីនៃប្រទេសជប៉ុន នៅខែក្រោយ សម្រាប់ការធ្វើសមយុទ្ធរួមគ្នា ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា ការដាក់ពង្រាយមីស៊ីលណាមួយនៅលើទឹកដីជប៉ុន នឹងមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាព និងសន្តិសុខនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសបង្កការគំរាមកំហែងដោយផ្ទាល់ដល់ព្រំដែនចុងបូព៌ារបស់រុស្ស៊ី ។
យ៉ាងណា លោក Kazuyuki Yamazaki បេសកជនអចិន្ត្រៃយ៍ជប៉ុនប្រចាំអង្គការសហប្រជាជាតិ បានប្រកាសច្រានចោលការព្រួយបារម្ភរបស់រុស្ស៊ី ហើយថែមទាំងអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន គឺជាការឆ្លើយតបនឹងបរិយាកាសសន្តិសុខកាន់តែដុនដាបខ្លាំងឡើងៗ ។
លោកថា វាក៏មិនមែនសំដៅទៅលើប្រទេសជាក់លាក់ណាមួយឡើយ ខណៈជប៉ុនបានរក្សាគោលនយោបាយផ្តោតលើការការពារជាតិទាំងស្រុង ក្រោមរដ្ឋធម្មនុញ្ញរបស់ខ្លួនជានិច្ច ៕
ប្រភព ៖ The Straits Times និង Japan Times ប្រែសម្រួល ៖ ឈឹម ទីណា




























