ស្តុកខុល ៖ ស៊ុយអែតបានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីធំបំផុតរហូតដល់ ២,៧ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងផែនការបរិច្ចាគយន្តហោះចម្បាំង Gripen ម៉ូដែល C និង D ចាស់ៗ ឬប្រើប្រាស់រួចហើយចំនួន ១៦ គ្រឿង ។

ស្តុកខុល ៖ ស៊ុយអែតបានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីធំបំផុតរហូតដល់ ២,៧ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងផែនការបរិច្ចាគយន្តហោះចម្បាំង Gripen ម៉ូដែល C និង D ចាស់ៗ ឬប្រើប្រាស់រួចហើយចំនួន ១៦ គ្រឿង ។
ការប្រកាសពីកញ្ចប់ជំនួយយោធាថ្មីនេះ ធ្វើឡើងស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានហោះមកបំពេញទស្សនកិច្ចនៅប្រទេសស៊ុយអែត កាលពីថ្ងៃ ព្រហស្បតិ៍ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរយៈពេលវែងរវាងប្រទេសទាំងពីរ ។
បើតាម Anadolu, ស៊ុយអែតនឹងផ្តល់ជូនយន្តហោះចម្បាំងប្រភេទ Gripen C/D ចាស់ៗ និងប្រើប្រាស់រួចចំនួន ១៦ គ្រឿង។ ការដឹកជញ្ជូនលើកដំបូងត្រូវបានគ្រោងទុកធ្វើឡើងនៅដើមឆ្នាំ ២០២៧ អាស្រ័យលើការអនុម័តអាជ្ញាប័ណ្ណនាំចេញ ។
កន្លងមក អ៊ុយក្រែន និងស៊ុយអែត ក៏បានចុះហត្ថលេខាលើលិខិតបញ្ជាក់ពីចេតនារួចរាល់ ដើម្បីបញ្ជាក់ពីគោលបំណងរបស់ទីក្រុងកៀវ ក្នុងការបញ្ជាទិញយន្តហោះចម្បាំង Gripen E ជំនាន់ថ្មី ពី ១០០ ដល់ ១៥០ គ្រឿងថែមទៀត ។
នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានបញ្ជាក់ថា ការផ្តល់កញ្ចប់ជំនួយ និងការបរិច្ចាគយន្តហោះចម្បាំង គឺជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ដែលនឹងជួយបង្កើនសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែនយ៉ាងខ្លាំងក្លា ។
ចំណែកលោកប្រធានាធិបតី Zelensky វិញ បាននិយាយថា វាជាថ្ងៃប្រវត្តិសាស្ត្រ សម្រាប់ទំនាក់ទំនងអ៊ុយក្រែន-ស៊ុយអែត ។ ហើយកញ្ចប់ជំនួយដ៏ធំនេះ នឹងជួយពង្រឹងការការពារដែនអាកាសអ៊ុយក្រែន និងសមត្ថភាការពារអាយុជីវិតជនស៊ីវិល ក្នុងអំឡុងពេលមានសង្គ្រាមជាមួយរុស្ស៊ី ។
គិតចាប់តាំងពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង ស៊ុយអែតបានគាំទ្រយ៉ាងខ្លាំងក្លាដល់ទីក្រុងកៀវ ដោយបានផ្តល់ជំនួយយោធាសរុបកើនឡើងរហូតដល់ ១៣,៧ ពាន់លានដុល្លារហើយ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

