ញូវយ៉ក ៖ ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បន្ទាប់ពីប្រមុខស្ថាប័នពិភពលោករូបនេះ ដាក់អ៊ីស្រាអែលចូលទៅក្នុងបញ្ជីខ្មៅជុំវិញការប្រព្រឹត្តអំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជម្លោះ ។
របាយការណ៍នៃបញ្ជីខ្មៅរបស់ UN នេះ ត្រូវបានបញ្ចេញត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកាសែត The New York Times បានចុះផ្សាយការស៊ើបអង្កេតមួយ ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទយ៉ាងទូលំទូលាយ ប្រឆាំងនឹងអ្នកជាប់ឃុំប៉ាឡេស្ទីន ។
បើតាម DW, របាយការណ៍របស់ UN បានចោទប្រកាន់កងទ័ព និងទីភ្នាក់ងារពន្ធនាគារអ៊ីស្រាអែល ពីការប្រើប្រាស់អំពើហិង្សាផ្លូវភេទ រួមមានការចាប់រំលោភ ការបង្ខំឲ្យដោះសម្លៀកបំពាក់ និងការធ្វើទារុណកម្មលើអ្នកជាប់ឃុំឃាំងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និង West Bank ។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ UN លោក Danny Danon និយាយថា ការចោទប្រកាន់អ៊ីស្រាអែលពីបទប្រើប្រាស់អំពើហិង្សាផ្លូវភេទ គឺជាអាវុធសង្គ្រាម និងជាការសម្រេចចិត្តដ៏អាក្រក់មួយ ។
លោកថា សកម្មភាពរបស់ UN នៅពេលនេះគឺមិនអាចទទួលយកបានឡើយ ហើយចាប់ពីពេលនេះតទៅ អ៊ីស្រាអែលមិនមានអ្វីពាក់ព័ន្ធនឹងអគ្គលេខាធិការរូបនេះទៀតនោះទេ” ។
ជាឆ្លើយនឹងរឿងនេះ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និយាយថា លោក Guterres បានដឹងពីការប្រកាសរបស់អ៊ីស្រាអែល ។ លោកថា ប្រមុខ UN របស់យើងនៅតែបើកទ្វារចំហចាំអ៊ីស្រាអែលជានិច្ច ។
UN និយាយថា ខ្លួនមានព័ត៌មានគួរឲ្យទុកចិត្តអំពីការប្រព្រឹត្តអំពើហិង្សាផ្លូវភេទដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែលប្រឆាំងនឹងអ្នកទោសប៉ាឡេស្ទីន ប៉ុន្តែ UN ត្រូវបានបដិសេធមិនឲ្យចូលទៅក្នុងកន្លែងទាំងនោះឡើយ ។
ទំនាក់ទំនងរវាងអ៊ីស្រាអែល និងអង្គការសហប្រជាជាតិមានភាពតានតឹង ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាសបានបើកការវាយប្រហារលើភាគខាងត្បូងអ៊ីស្រាអែល ដែលជំរុញឱ្យទីក្រុង Tel Aviv បើកយុទ្ធនាការឆ្លើយតបនៅក្នុងតំបន់ហ្គាហ្សាដែលរហូតមកដល់ពេលនេះបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៧ ម៉ឺន ២ ពាន់នាក់ ៕
ប្រភព ៖ DW ប្រែសម្រួល៖ ឈឹម ទីណា