សិង្ហបុរី ៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក បានអះអាង នៅថ្ងៃសៅរ៍នេះថា ទីក្រុងវ៉ាស៊ីនតោន នៅមានសព្វាវុធគ្រប់គ្រាន់ ដើម្បីអាចបន្តសង្គ្រាម ជាមួយអ៊ីរ៉ង់។

សិង្ហបុរី ៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក បានអះអាង នៅថ្ងៃសៅរ៍នេះថា ទីក្រុងវ៉ាស៊ីនតោន នៅមានសព្វាវុធគ្រប់គ្រាន់ ដើម្បីអាចបន្តសង្គ្រាម ជាមួយអ៊ីរ៉ង់។
ថ្លែងក្នុងពេលចូលរួម កិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី, លោក Pete Hegseth បាននិយាយថា សហរដ្ឋអាមេរិកមានឃ្លាំងស្តុកសព្វាវុធច្រើនជាងគ្រប់គ្រាន់ ហើយ “លើសពីសមត្ថភាព” ក្នុងការបន្តសង្រ្គាម ជាមួយអ៊ីរ៉ង់។
លោក Hegseth បានប្រាប់កិច្ចប្រជុំកំពូលការពារជាតិរបស់អាស៊ី នាពេលនោះ ថា «ឃ្លាំងស្តុករបស់យើងគឺសមស្រប ទាំងនៅទីនោះ និង ជុំវិញពិភពលោក ដោយសារតែ អាមេរិក មានតុល្យភាព លើគ្រាប់បែកដ៏ប្រណិត និងភាពសម្បូរបែប» ។
ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីអាមេរិកបានផ្តើមវាយប្រហារជាថ្មី លើប្រទេសអ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ បើទោះបីជា គូជម្លោះទាំងពីរ អះអាងពីការព្រមព្រៀងគ្នា លើចំណុចជាច្រើន អំឡុងការចរចាស្វែងរកការបញ្ចប់អរិភាពក៏ដោយ ។
បើតាម Tass, សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងមេដឹកនាំអ៊ីរ៉ង់សំខាន់ៗមួយចំនួនទៀតផងដែរ ។
ជាមួយគ្នានោះ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំង រដ្ឋធានីតេហេរ៉ង់ក៏ត្រូវបានវាយប្រហារផងដែរ ។ សេតវិមានបានបង្ហាញពីភាពត្រឹមត្រូវ នៃការវាយប្រហារនេះ ដោយលើកឡើងពីការគម្រាមកំហែងមីស៊ីល និងនុយក្លេអ៊ែរ ពីសំណាក់ប្រទេសអ៊ីរ៉ង់។
កងឆ្មាំបដិវត្តន៍ឥស្លាម បានប្រកាសប្រតិបត្តិការសងសឹក ដោយផ្តោតការវាយប្រហារ ទៅលើទីតាំងនានា ក្នុងប្រទេសអ៊ីស្រាអែល ខណៈមូលដ្ឋានទ័ពអាមេរិក នៅប្រទេសបារ៉ែន, ហ្ស៊កដានី, គុយវ៉ែត, កាតា ,អារ៉ាប៊ីសាអូឌីត និង អេមីរ៉ាត់ អារ៉ាប់រួម ក៏រងការវាយប្រហារផងដែរ ៕
ប្រភព៖ AFP , Tass ប្រែសម្រួល ៖ សារ៉ាត
