ហាណូយ ៖ ប្រទេសវៀតណាមបាននិយាយ កាលពីថ្ងៃសៅរ៍ថា ខ្លួននឹងដោះលែងអ្នកទោស ជិត១ម៉ឺននាក់ រួមទាំងជនបរទេស ដើម្បីប្រារព្ធចំពោះការបោះឆ្នោតសភា និង ជោគជ័យនៃសមាជបក្ស នាពេលថ្មីៗនេះ។

ហាណូយ ៖ ប្រទេសវៀតណាមបាននិយាយ កាលពីថ្ងៃសៅរ៍ថា ខ្លួននឹងដោះលែងអ្នកទោស ជិត១ម៉ឺននាក់ រួមទាំងជនបរទេស ដើម្បីប្រារព្ធចំពោះការបោះឆ្នោតសភា និង ជោគជ័យនៃសមាជបក្ស នាពេលថ្មីៗនេះ។
បើតាម AFP, ប្រជាជាតិមួយនេះ តែងប្រកាសលើកលែងទោស មុនព្រឹត្តិការណ៍ពិសេស ឬអបអរការប្រារព្ធពិធីនានា។ កាលពីឆ្នាំមុន វៀតណាមបានដោះលែងអ្នកទោស ជាង២ម៉ឺន២,០០០នាក់ ខណៈដែលខ្លួនបានប្រារព្ធខួបទី៨០ឆ្នាំ នៃការប្រកាសឯករាជ្យរបស់ខ្លួន រួមនឹងពិធីបុណ្យ មួយទៀត។
សម្រាប់ករណីចុងក្រោយនេះ នៅដើមខែមិថុនា ខាងមុខនេះ អ្នកជាប់ឃុំ ចំនួន ៩,៩៥០នាក់ នឹងត្រូវបានដោះលែង ជាផ្នែកមួយនៃការលើកលែងទោស នៅឆ្នាំនេះ។ នេះបើយោងតាមឯកសារដែលបានចុះហត្ថលេខាដោយអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam ។
លោក Le Van Tuyen អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍ថា ការលើកលែងទោសនេះនឹងសម្គាល់ជោគជ័យនៃសមាជបក្សកុម្មុយនិស្ត ៥ឆ្នាំ និងការបោះឆ្នោត ជូនរដ្ឋសភា។
កាលពីខែមីនា ប្រទេសនេះបានរៀបចំការបោះឆ្នោតសម្រាប់រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ខ្លួន ហើយបម្រើជាសំខាន់ក្នុងការផ្តល់សច្ចាប័ន លើសេចក្តីសម្រេចរបស់បក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច។
លោក Tuyen បាននិយាយថា អ្នកជាប់ឃុំដែលនឹងត្រូវដោះលែងនៅខែក្រោយនេះ រួមមានទាំងជនបរទេស ចំនួន៦៣នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នា។
បើតាម ក្រសួងសន្តិសុខសាធារណៈ, អ្នកទោសជាង ១៩ម៉ឺននាក់ នៅទូទាំងប្រទេសវៀតណាម កំពុងជាប់ពន្ធនាគារ៕
ប្រភព ៖ AFP, ប្រែសម្រួល ៖ សារ៉ាត
