វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា លោកប្រធានាធិបតី Donald Trump បានស្នើបង្កើតឲ្យមានការកែប្រែលក្ខខណ្ឌដ៏តឹងរ៉ឹង នៅក្នុងកិច្ចព្រមព្រៀងសង្រ្គាមអ៊ីរ៉ង់ ។

វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា លោកប្រធានាធិបតី Donald Trump បានស្នើបង្កើតឲ្យមានការកែប្រែលក្ខខណ្ឌដ៏តឹងរ៉ឹង នៅក្នុងកិច្ចព្រមព្រៀងសង្រ្គាមអ៊ីរ៉ង់ ។
បើតាមកាសែត New York Times, លោក Trump ព្យាយាមផ្លាស់ប្តូរលក្ខខណ្ឌមួយចំនួននៃសំណើ ដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា ខណៈដែលកិច្ចព្រមព្រៀងចុងក្រោយ នៅតែពិបាកយល់ព្រម ក្នុងចំណោមភាគីគូជម្លោះ។
ការផ្លាស់ប្តូរ របស់លោក Trump ត្រូវបានបញ្ជូនត្រឡប់ ទៅពិចារណាដោយប្រទេសអ៊ីរ៉ង់វិញហើយផងដែរ នេះបើយោងតាមមន្ត្រី ដែលដឹងអំពីដំណើរការនីតិវិធីនេះ។ របាយការណ៍បាននិយាយថា មិនទាន់ច្បាស់ភ្លាមៗថាតើ ការផ្លាស់ប្តូរនេះ ពាក់ព័ន្ធនឹងអ្វីនោះទេ។
ប៉ុន្តែ គេហទំព័រព័ត៌មានអាមេរិក Axios បានរាយការណ៍ថា លោក Trump ចង់ពង្រឹងចំណុចជាច្រើននៃកិច្ចព្រមព្រៀង ដែលលោកផ្ទាល់គិតថា មានសារៈសំខាន់ ដូចជាអ្វីដែលត្រូវធ្វើ ចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់។
បើតាម CNA, ការកែប្រែថ្មីនេះ អាចអូសបន្លាយការចរចារ រវាងភាគីទាំងពីរ ជាច្រើនថ្ងៃទៀត នៅមុនពេលដែលការសម្រេចចិត្តមួយ ត្រូវបានបង្កើតឡើង ប៉ុនប៉ងបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមផ្ទុះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ប្រភពពីសហរដ្ឋអាមេរិកបានប្រាប់ AFP ថា សំណើនេះ កំពុងរង់ចាំការចុះហត្ថលេខា របស់លោក Trump ប៉ុន្តែ លោកមិនទាន់បានធ្វើការសម្រេចចិត្ត បន្ទាប់ពីកិច្ចប្រជុំ នៅសេតវិមាន កាលពីថ្ងៃសុក្រ នោះទេ។
លោក Trump បាននិយាយថា អាទិភាពរបស់លោក សម្រាប់កិច្ចព្រមព្រៀងណាមួយ រួមមានទាំង ការដែលអ៊ីរ៉ង់យល់ព្រម មិនបង្កើតអាវុធនុយក្លេអ៊ែរ និង ការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ។ ជាផ្លូវទឹក ដែលគ្រប់ដណ្តប់ ប្រហែល ២០ភាគរយនៃការដឹកជញ្ជូនប្រេង របស់ពិភពលោក មុនពេលមានសង្គ្រាម៕
ប្រភព ៖ CNA, ប្រែសម្រួល ៖ សារ៉ាត
