បេរូត ៖ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានព្រមាន កាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោក ប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ខ្លាំង ដែលមិនធ្លាប់មានពីមុនមក ព្រោះតែការវាយប្រហារ របស់អ៊ីស្រាអែល។

បេរូត ៖ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានព្រមាន កាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោក ប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ខ្លាំង ដែលមិនធ្លាប់មានពីមុនមក ព្រោះតែការវាយប្រហារ របស់អ៊ីស្រាអែល។
បើតាម Anadolu, អ៊ីស្រាអែលអះអាងថា ជាការវាយប្រហារ ទៅក្រុមហេសបូឡានៅលីបង់ ពោលគឺចាប់តាំងពីក្រុមសកម្មប្រយុទ្ធមួយនេះ បានអូសទាញ ប្រទេសមួយនេះ ចូលទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា ដោយការបាញ់រ៉ុក្កែត ទៅលើអ៊ីស្រាអែល ទុកជាការសងសឹក ចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំឡុងការវាយប្រហារស្រាក់ដៃគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ។
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុង Beirut, មេដឹកនាំរូបនេះ បានរៀរាប់ថា «ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ ក៏ដោយ, អ៊ីស្រាអែលកំពុងបន្តគោលនយោបាយ នៃការបំផ្លិចបំផ្លាញដ៏ទូលំទូលាយ ដែលហួសពីការកំណត់ទីតាំងជាក់លាក់ នៅក្នុងប្រទេសលីបង់»។
លោកបានបន្ថែមថា «យើងកំពុងប្រឈមមុខនឹងការវាយប្រហារដ៏គ្រោះថ្នាក់ មិនធ្លាប់មាន ពីសំណាក់អ៊ីស្រាអែល»។
លោក នាយករដ្ឋមន្ត្រី បាននិយាយថា ប្រទេសលីបង់នៅតែប្តេជ្ញាចិត្ត ក្នុងការបញ្ចប់សង្រ្គាម និងរារាំងប្រទេសនេះ ពីការក្លាយជាសង្វៀន សម្រាប់ជម្លោះរបស់អ្នកដទៃ។
លោកក៏បានអះអាងដែរថា អ៊ីស្រាអែលមិនអាចសម្រេចបានសន្តិសុខ តាមរយៈការបំផ្លិចបំផ្លាញ និងការវាយប្រហារដោយយោធា។
អ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោក ក្នុងប្រទេសលីបង់ បើទោះបីជាបទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី១៧ ខែមេសា ហើយក្រោយមក ត្រូវបានពន្យារពេល ៤៥ ថ្ងៃ ដោយចាប់ផ្តើម ពីថ្ងៃទី ១៧ ឧសភា តាមរយៈការសម្រុះសម្រួល របស់សហរដ្ឋអាមេរិក។
អាជ្ញាធរលីបង់ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី២ ខែមីនា បានសម្លាប់មនុស្ស ជាង៣ពាន់៣០០នាក់ និង មនុស្សជាង ១លាននាក់ផ្សេងទៀត បានផ្លាស់ទីលំនៅ៕
ប្រភព ៖ Anadolu , ប្រែសម្រួល ៖ សារ៉ាត
