វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និយាយថា រូបលោកទទួលបានការធានាពីអ៊ីរ៉ង់ថា សាធារណរដ្ឋឥស្លាមមួយនេះ នឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និយាយថា រូបលោកទទួលបានការធានាពីអ៊ីរ៉ង់ថា សាធារណរដ្ឋឥស្លាមមួយនេះ នឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ។
លោក Trump បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃ អាទិត្យ ថា អាទិភាពកំពូលរបស់លោក សម្រាប់កិច្ចព្រមព្រៀងណាមួយ ត្រូវតែរួមមានការបញ្ឈប់អ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងការបើកច្រកសមុទ្រ Hormuz ដែលត្រូវបានបិទទ្វារឡើងវិញ ។
ប្រធានាធិបតីអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ដំបូងឡើយ អ៊ីរ៉ង់ព្រមព្រៀងត្រឹមតែមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ ប៉ុន្តែលោកបានទាមទារបន្ថែមរហូតមានការយល់ព្រមថា អ៊ីរ៉ង់នឹងមិនទិញអាវុធនុយក្លេអ៊ែរពីបរទេសថែមទៀតផង ។
លោក Trump បន្ថែមថា ការធានាថា អ៊ីរ៉ង់គ្មានអាវុធនុយក្លេអ៊ែរ គឺជាលក្ខខណ្ឌដាច់ខាត ដែលត្រូវតែមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ដូច្នេះលោកមិនប្រញាប់ក្នុងការចុះហត្ថលេខាទេ ពីព្រោះលោកចង់ទទួលបានលក្ខខណ្ឌដែលផ្តល់ផលប្រយោជន៍ល្អបំផុតដល់សហរដ្ឋអាមេរិក ។
ការអះអាងរបស់លោក Trump កើតឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ ទើបតែបានបង្កើនលក្ខខណ្ឌកាន់តែតឹងរ៉ឹង សម្រាប់កិច្ចព្រមព្រៀងប៉ុនប៉ងបញ្ចប់សង្គ្រាម ។
ជម្លោះនៅមជ្ឈិមបូព៌ានេះ បានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា


