ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញបញ្ជាជាផ្លូវការ ឱ្យវាតទីប្រតិបត្តិការយោធា និងវាយលុកកាន់តែជ្រៅចូលទៅក្នុងទឹកដីប្រទេសលីបង់ ដើម្បីកម្ទេច និងពង្រីកការគ្រប់គ្រងលើតំបន់នានារបស់ក្រុមហេសបូឡា ។

បទបញ្ជាដ៏ក្តៅគគុកនេះ ត្រូវបានប្រកាសឡើង ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាង ៦ សប្តាហ៍ ចាប់តាំងពីពាក់កណ្តាលខែមេសាក៏ដោយ ។
យ៉ាងណា លោក Netanyahu បានអះអាងថា គោលបំណងធំនៃបទបញ្ជានេះ គឺដើម្បីគ្រប់គ្រង និងពង្រីកទឹកដីបន្ថែមទៀត នៅតំបន់ដែលធ្លាប់ជាទីតាំងរឹងមាំរបស់ក្រុមប្រដាប់អាវុធហេសបូឡា ។
មកទល់ពេលនេះ កងទ័ពអ៊ីស្រាអែល កំពុងតែព្យាយាមវាយរុលទៅមុខ បន្តពីទន្លេ Litani សំដៅទៅរកទន្លេ Zaharani ដែលមានចម្ងាយប្រហែល ១០គីឡូម៉ែត្របន្ថែមទៀតនៅភាគខាងជើង ។
អ៊ីស្រាអែលនិយាយថា ការបង្កើនកម្លាំងយោធានេះ ធ្វើឡើងបន្ទាប់ពីក្រុមហេសបូឡាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកអត្តឃាត វាយប្រហារបណ្តាលឱ្យទាហានអ៊ីស្រាអែលជាច្រើននាក់ស្លាប់ និងរបួស ។
បើតាម Straits Times, ព័ត៌មាននៃការវាយលុកកាន់តែជ្រៅរបស់អ៊ីស្រាអែលចូលលីបង់នេះ ក៏បានរុញច្រានឱ្យតម្លៃប្រេងឆៅលើទីផ្សារពិភពលោក ហក់ឡើងជាង ២% ភ្លាមៗ ដោយសារក្តីបារម្ភពីស្ថិរភាពផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា ។
យោងតាមរបាយការណ៍, ភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលឆាបឆេះកាលពីដើមខែមីនាមក បានបណ្តាលឱ្យប្រជាជនលីបង់ជាង ១.២ លាននាក់បាត់បង់ជម្រក និងមនុស្សជាង ៣,៣៧០ នាក់ត្រូវបានសម្លាប់ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា