ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទនេះ បានបញ្ជាឱ្យយោធាប្រទេសរបស់លោក វាយប្រហារទៅលើគោលដៅនានា ស្ថិតនៅភាគខាងត្បូង រដ្ឋធានី Beirut នៃ ប្រទេសលីបង់ ដែលជាទីតាំងរឹងមាំ របស់ក្រុម Hezbollah។

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទនេះ បានបញ្ជាឱ្យយោធាប្រទេសរបស់លោក វាយប្រហារទៅលើគោលដៅនានា ស្ថិតនៅភាគខាងត្បូង រដ្ឋធានី Beirut នៃ ប្រទេសលីបង់ ដែលជាទីតាំងរឹងមាំ របស់ក្រុម Hezbollah។
សេចក្តីថ្លែងការណ៍មួយ ចេញពីការិយាល័យ របស់លោក Netanyahu បាននិយាយថា «បន្ទាប់ពីការរំលោភ ម្តងហើយម្តងទៀត នៃ បទឈប់បាញ់ នៅក្នុងប្រទេសលីបង់ ដោយក្រុម Hezbollah និង ការវាយប្រហារប្រឆាំងនឹងទីក្រុង និងប្រជាពលរដ្ឋរបស់យើង, នាយករដ្ឋមន្រ្តី Benjamin Netanyahu និង រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានបញ្ជាឱ្យ កងកម្លាំង IDF វាយប្រហារគោលដៅភេរវករ នៅក្នុងសង្កាត់ Dahiyeh ក្នុងទីក្រុង Beirut»។
បើតាម CNA, កងទ័ពអ៊ីស្រាអែល និង ក្រុម Hezbollah បានបន្តការប្រយុទ្ធគ្នា ទោះបីជាមានបទឈប់បាញ់ កាលពីពាក់កណ្តាល ខែមេសា ដោយក្រុម Hezbollah ងាកទៅរកការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក kamikaze ដែលមានតម្លៃថោក និងងាយស្រួលក្នុងការផ្គុំ និង ពិបាកសម្រាប់ការពារដែនអាកាស ក្នុងការរារាំង ហើយដែលបានសម្លាប់ទាហានអ៊ីស្រាអែលជាច្រើននាក់ នៅភាគខាងត្បូង ប្រទេសលីបង់។
ការប្រយុទ្ធគ្នា នៅក្នុងប្រទេសលីបង់ គឺជាការរីករាលដាលដ៏ទូលំទូលាយបំផុត ចេញពីសង្រ្គាមអ៊ីរ៉ង់ ដោយបានជម្លៀសប្រជាជនលីបង់ ជាង១លាន២សែននាក់។
គូជម្លោះចាស់ទាំងពីរ បានផ្ទុះសង្គ្រាមដាក់គ្នា ជាថ្មី ចាប់តាំងពីថ្ងៃទី២ ខែមីនា ពោលគឺនៅពេលដែលក្រុម Hezbollah បានចាប់ផ្តើមបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្ត អ៊ីរ៉ង់ ដែលរងការវាយប្រហារស្រាក់ដៃគ្នា រវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
រហូតមកដល់ពេលនេះ ការលុកលុយបានសម្លាប់មនុស្សជាង ៣,៣៧០នាក់ នេះបើយោងតាមរដ្ឋាភិបាលលីបង់។ ភាគីអ៊ីស្រាអែលវិញ អះអាងថា ទាហានរបស់ខ្លួន ចំនួន២៤នាក់ និង ជនស៊ីវិល ៤នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេលដូចគ្នានេះ៕
ប្រភព ៖ CNA, ប្រែសម្រួល ៖ សារ៉ាត
