តេហេរ៉ង់ ៖ អ៊ីរ៉ង់ប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនគ្រោងនឹងប្រមូលថ្លៃបរិស្ថានមួយទៀតពីកប៉ាល់នានា ដែលបើកឆ្លងកាត់ នៅច្រកសមុទ្រ Hormuz ។

តេហេរ៉ង់ ៖ អ៊ីរ៉ង់ប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនគ្រោងនឹងប្រមូលថ្លៃបរិស្ថានមួយទៀតពីកប៉ាល់នានា ដែលបើកឆ្លងកាត់ នៅច្រកសមុទ្រ Hormuz ។
បើតាម Al Jazeera, ផែនការនេះត្រូវបានដាក់ចេញនៅក្នុងសេចក្ដីព្រាងច្បាប់ស្តីពីការគិតថ្លៃការពារនាវា បើកឆ្លងកាត់ច្រកហ័រមូស ដើម្បីឈានទៅដល់ការគ្រប់គ្រងលើផ្លូវទឹកដ៏សំខាន់របស់ពិភពលោកមួយនេះជាផ្លូវការតែម្ដង ។
លោក Arman Khorsand ប្រធានមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ និង អនុសញ្ញាបរិស្ថាន របស់ប្រទេសអ៊ីរ៉ង់និយាយថា ផែនការយកថ្លៃនេះគឺនឹងធ្វើឡើងចំពោះនាវាណាដែលធ្វើឲ្យកំពប់ប្រេងចូលសមុទ្រ, សកម្មភាពកងនាវាយោធាបរទេសដែលធ្វើឲ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីជាដើម ។
លោកថា ថ្លៃសេវាកម្មដែលអ៊ីរ៉ង់ប្រមូលបានអាចត្រូវបានប្រើប្រាស់ដើម្បីទូទាត់សងការខូចខាត ក៏ដូចជាស្ដារឡើងវិញនូវការបំពុលបរិស្ថាននៅឈូងសមុទ្រ ។
លោកអះអាងទៀតថា ប្រទេសដែលនៅជាប់នឹងច្រកសមុទ្រ ក៏អាចប្រមូលថ្លៃសេវាសម្រាប់ដែនសមុទ្រ និងសំណងសម្រាប់ការខូចខាត ដែលមានចែងច្បាស់ ក្នុងច្បាប់អន្តរជាតិផងដែរ ព្រោះថា វិធានការនេះ គឺមិនខុសច្បាប់នោះទេ ប៉ុន្តែវាជាសកម្មភាព ដែលអាចត្រូវបានអនុវត្ត នៅក្នុងក្របខ័ណ្ឌជាសកល ។
ច្រកសមុទ្រហ័រមូស គឺជាផ្លូវដឹកជញ្ជូនថាមពល និងប្រេងប្រហែល ២០ ភាគរយរបស់ពិភពលោក ។ យ៉ាងណា អ៊ីរ៉ង់បានបិទច្រកសមុទ្រមួយនេះ ចាប់តាំងពីចុងខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារមកលើប្រទេសឥស្លាមនេះ ។
សកម្មភាពរបស់ទីក្រុងតេហេរ៉ង់បានបណ្តាលឲ្យតម្លៃប្រេងឥន្ធនៈសកលកើនឡើងយ៉ាងគំហុក ដែលដាក់សម្ពាធយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក ៕
ប្រភព ៖ Aljazeera, Anadolu ប្រែសម្រួល ៖ សារ៉ាត
