សិង្ហបុរី ៖ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿនជាងសំលេង BrahMos ពីប្រទេសឥណ្ឌាក្នុងតម្លៃប្រមាណ ៦២៩ លានដុល្លារ ។

សិង្ហបុរី ៖ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿនជាងសំលេង BrahMos ពីប្រទេសឥណ្ឌាក្នុងតម្លៃប្រមាណ ៦២៩ លានដុល្លារ ។
មីស៊ីល BrahMos គឺជាប្រភេទមីស៊ីលនាំផ្លូវមានល្បឿនលឿនជាងសំឡេងពី ២.៨ ទៅ ៣ ដងដែលអភិវឌ្ឍឡើងរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី ។ វាអាចហោះហើរក្នុងចម្ងាយពី ២៩០ ទៅ ៤៥០គីឡូម៉ែត្រ ជាមួយនឹងសមត្ថភាពផ្ទុកក្បាលគ្រាប់ទម្ងន់ពី ២០០ ទៅ ៣០០ គីឡូក្រាម ។
បើតាម The Star, ការបញ្ជាទិញប្រព័ន្ធមីស៊ីលនេះ កើតឡើងក្នុងបរិបទដែលវៀតណាមចង់ពង្រឹងសមត្ថភាពការពារជាតិ និងបង្កើតកម្លាំងរារាំងប្រឆាំងការកើនឡើងឥទ្ធិពល និងសកម្មភាពយោធារបស់មហាយក្សចិននៅតំបន់សមុទ្រចិនខាងត្បូង ។
កិច្ចសន្យាទិញលក់ប្រព័ន្ធមីស៊ីលរវាងឥណ្ឌ-វៀតណាម ក៏រួមបញ្ចូលទាំងការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល ជាប្រភេទមីស៊ីលបាញ់ពីឆ្នេរសមុទ្រប្រឆាំងនាវាចម្បាំង ការបណ្តុះបណ្តាលយោធា និងការគាំទ្រផ្នែកភស្តុភារផងដែរ ។
យោងតាម NDTV, វៀតណាមបានក្លាយជាប្រទេសទីពីរនៅក្នុងតំបន់អាស៊ាន ដែលបានទិញប្រព័ន្ធមីស៊ីល BrahMos របស់ឥណ្ឌា បន្ទាប់ពីហ្វីលីពីនដែលបានចុះកិច្ចសន្យាតម្លៃ ៣៧៥ លានដុល្លារកាលពីឆ្នាំ ២០២២ ។
ទន្ទឹមគ្នា ឥណ្ឌាក៏កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចរចាលក់មីស៊ីល BrahMos ទៅឱ្យឥណ្ឌូណេស៊ីផងដែរ ។ នេះជាជោគជ័យដ៏ធំមួយសម្រាប់ឥណ្ឌាក្នុងការជំរុញការនាំចេញអាវុធទៅបរទេស និងការពង្រឹងទំនាក់ទំនងសន្តិសុខជាមួយបណ្តាប្រទេសអាស៊ាន ក្រោមគោលនយោបាយ “Act East” ។
ការនាំចេញសម្ភារៈការពារជាតិរបស់ឥណ្ឌា ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងឆ្នាំ ២០២៤ និង ២០២៥ ខណៈនៅឆ្នាំ ២០៣០ រដ្ឋាភិបាលកំណត់គោលដៅបង្កើនការនាំចេញរហូតដល់ ៥ ពាន់ ២៧០ លានដុល្លារ ៕
ប្រភព ៖ The Star និង NDTV ប្រែសម្រួល ៖ ឈឹម ទីណា

