តូក្យូ ៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានចេញមុខអំពាវនាវដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ឱ្យរួតរះចុះកិច្ចព្រមព្រៀងសន្តិភាពឱ្យបានឆាប់បំផុត ដើម្បីបញ្ឈប់សង្គ្រាមដែលកំពុងអូសបន្លាយនៅមជ្ឈិមបូព៌ា ។

តូក្យូ ៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានចេញមុខអំពាវនាវដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ឱ្យរួតរះចុះកិច្ចព្រមព្រៀងសន្តិភាពឱ្យបានឆាប់បំផុត ដើម្បីបញ្ឈប់សង្គ្រាមដែលកំពុងអូសបន្លាយនៅមជ្ឈិមបូព៌ា ។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃ ចន្ទ ចំពេលដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត កំពុងប្រឈមនឹងភាពរកាំរកូសខ្លាំងឡើង ក្រោយកងកម្លាំងអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមវាយប្រហារគ្នាទៅវិញទៅមកឡើងវិញ ។
នាឱកាសនោះ លោកស្រី Takaichi បានជំរុញដោយផ្ទាល់ទៅកាន់លោក Pezeshkian ឱ្យបង្ហាញភាពបត់បែនកម្រិតអតិបរមា ដើម្បីឈានទៅរកការចុះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអាមេរិកឱ្យបានឆាប់រហ័ស ។
បន្ថែមលើនេះ លោកស្រីថែមទាំងបានសង្កត់ធ្ងន់ និងទាមទារដាច់ខាត ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញឱ្យបានឆាប់ ដើម្បីធានាដល់សេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ សម្រាប់កប៉ាល់ដឹកជញ្ជូនមកពីអាស៊ី និងបណ្តាប្រទេសនានាលើពិភពលោក ។
ជាការឆ្លើយតប លោក Pezeshkian បាននិយាយថា ទោះបីជាអ៊ីរ៉ង់ចាត់ទុកផ្លូវការទូត ជាមធ្យោបាយដោះស្រាយជម្លោះដ៏មានប្រសិទ្ធភាពបំផុតក៏ដោយ ប៉ុន្តែកិច្ចប្រឹងប្រែងសន្តិភាពត្រូវបានរំខាន ។
បញ្ហានេះ ក៏ព្រោះតែការរំលោភលើការប្តេជ្ញាចិត្តពីសំណាក់អាមេរិក និងការបន្តគាំទ្រផ្នែកយោធារបស់ទីក្រុងវ៉ាស៊ីនតោនទៅលើអ៊ីស្រាអែល ។
បន្ថែមលើនេះ លោកក៏បានស្តីបន្ទោសផងដែរថា ឧបសគ្គធំៗនៅច្រកសមុទ្រ Hormuz កើតចេញពីការរឹតបន្តឹង ដែលដាក់ដោយសហរដ្ឋអាមេរិកលើការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរបស់អ៊ីរ៉ង់ ។
យ៉ាងណា លោក Pezeshkian បានសន្យាថា អ៊ីរ៉ង់នឹងព្យាយាមធានាឱ្យកប៉ាល់ដែលពាក់ព័ន្ធនឹងប្រទេសជប៉ុន អាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយរលូន និងគ្មានការរំខាន ហើយសង្ឃឹមថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នឹងល្អប្រសើរឡើងវិញនៅពេលអនាគត ។
បើតាម Anadolu, កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ កើតឡើងស្របពេលដែលប៉ាគីស្ថានកំពុងដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ ក្នុងការស្វែងរកកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចៀសការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំឡើងវិញ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា


