កៀវ ៖ មន្រ្តីអ៊ុយក្រែននិយាយថា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី នៅព្រឹកព្រលឹមថ្ងៃ អង្គារ នេះ ដោយកំណត់គោលដៅទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និង៦៤នាក់រងរបួស ។

កៀវ ៖ មន្រ្តីអ៊ុយក្រែននិយាយថា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី នៅព្រឹកព្រលឹមថ្ងៃ អង្គារ នេះ ដោយកំណត់គោលដៅទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និង៦៤នាក់រងរបួស ។
ការវាយប្រហារចុងក្រោយនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានទុកជាមុនកាលពីថ្ងៃ ចន្ទ ថា រុស្ស៊ីបានត្រៀមលក្ខណៈវាយលុកខ្នាតធំជាថ្មី និងបានជំរុញឱ្យប្រជាជនរត់រកទីកន្លែងមានសុវត្ថិភាពជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ ។
បើតាម CNN, ការវាយប្រហារនេះ បានធ្វើឱ្យអគារស្នាក់នៅមួយកន្លែងក្នុងខណ្ឌ Podilsky បាក់ស្រុតមួយផ្នែក បន្ទាប់ពីរងការទម្លាក់គ្រាប់បែកពីរដងផ្ទួនៗ ដែលធ្វើឱ្យមន្ត្រីយោធាក្រុងកៀវ បារម្ភថា មានប្រជាពលរដ្ឋកំពុងជាប់គាំងក្រោមគំនរបាក់បែក ។
មិនត្រឹមតែប៉ុណ្ណោះ មីស៊ីលរបស់រុស្ស៊ីក៏បានធ្វើឱ្យឆេះអគារស្នាក់នៅកម្ពស់ ២៤ជាន់មួយកន្លែងទៀត ក្នុងខណ្ឌ Shevchenkivskyi និងឆេះអគារកម្ពស់ ៩ជាន់មួយកន្លែងទៀត ដោយសារអំបែងមីស៊ីលធ្លាក់ចំដំបូល ។
យោងតាម Kyiv independent, ការវាយប្រហារទ្រង់ទ្រាយធំនេះ កើតឡើង បន្ទាប់ពីការគំរាមកំហែងជាសាធារណៈរបស់រុស្ស៊ី អំពីការវាយប្រហារថ្មីលើរដ្ឋធានីរបស់អ៊ុយក្រែន ។
ហើយវាក៏បានកើតឡើងបន្ទាប់ពីលោក Zelensky បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយព្រមានអំពីកង្វះខាតប្រព័ន្ធការពារដែនអាកាសកាន់តែអាក្រក់ទៅៗ ជាពិសេសសមត្ថភាពប្រឆាំងមីស៊ីលលឿនជាងសំលេង ។
គួរបញ្ជាក់ថា ស្ថានភាពប្រយុទ្ធបច្ចុប្បន្នរបស់អ៊ុយក្រែន កំពុងមានការប្រែប្រួល ដោយសារតែសង្គ្រាមអាមេរិក និងអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា ។
តួយ៉ាង អាមេរិកដែលជាម្ចាស់ជំនួយយោធាដ៏ធំរបស់អ៊ុយក្រែន ត្រូវបង្ខំចិត្តបង្វែរគ្រាប់មីស៊ីលការពារដែនអាកាស ដែលដើមឡើយ ត្រូវបញ្ជូនទៅឲ្យទីក្រុងកៀវ យកទៅប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធជាមួយអ៊ីរ៉ង់ ៕
ប្រភព ៖ CNN និង Kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា


