បេរូត ៖ ក្រុម ហេសបូឡា ប្រកាសទទួលយកសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការវាយប្រហារទៅលើអ៊ីស្រាអែល។ ជាការព្រមព្រៀង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមុខសម្របសម្រួល ឲ្យមានបទឈប់បាញ់ជាថ្មី និងនៅបន្ទាប់ពីអ៊ីស្រាអែល ព្រមានវាយលុកចូលជ្រៅដល់រដ្ឋធានី របស់ប្រទេសលីបង់។
ប្រទេស លីបង់ បាននិយាយ កាលពីថ្ងៃចន្ទថា ក្រុមហេសបូឡា បានទទួលយកសំណើនេះ ជាថ្នូរនឹងការបញ្ឈប់ការវាយប្រហារលើទីក្រុងបេរូត ភាគខាងត្បូង ពីសំណាក់អ៊ីស្រាអែល ពោលគឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានរាយការណ៍ថា លោកមានការហៅទូរស័ព្ទដ៏ល្អខ្លាំង ជាមួយ ហេសបូឡា ជាក្រុមប្រដាប់អាវុធ ដែលមានអ៊ីរ៉ង់ នៅពីក្រោយខ្នង។
យោងតាមសេចក្តីថ្លែងការណ៍មួយ របស់ស្ថានទូតលីបង់ នៅទីក្រុងវ៉ាស៊ីនតោន ដែលចែករំលែកដោយប្រធានាធិបតីលីបង់ បង្ហាញថា ផែនការអ៊ីស្រាអែល ប៉ុនប៉ងវាយប្រហារលើតំបន់ Dahiyeh ជាយក្រុងភាគខាងត្បូង នៃរដ្ឋធានី Beirut នឹងត្រូវឈប់វិញ ជាថ្នូរនឹងការបដិសេធចំពោះការបើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ពីសំណាក់ហេសបូឡា។
បើតាម CNA, គូជម្លោះចាស់ទាំងពីរ បានផ្ទុះសង្គ្រាមដាក់គ្នា ជាថ្មី ចាប់តាំងពីថ្ងៃទី២ ខែមីនា ពោលគឺនៅពេលដែលក្រុម Hezbollah បានចាប់ផ្តើមបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្ត អ៊ីរ៉ង់ ដែលរងការវាយប្រហារស្រាក់ដៃគ្នា រវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
រហូតមកដល់ពេលនេះ ការលុកលុយបានសម្លាប់មនុស្សជាង ៣,៣៧០នាក់ នេះបើយោងតាមរដ្ឋាភិបាលលីបង់។ ភាគីអ៊ីស្រាអែលវិញ អះអាងថា ទាហានរបស់ខ្លួន ចំនួន២៤នាក់ និង ជនស៊ីវិល ៤នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេលដូចគ្នានេះ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត