ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និយាយថា បារាំងទទួលបានការសន្យាវិនិយោគពីបរទេសរហូតដល់ ១០៨ ពាន់លានដុល្លារ ។
តួលេខនេះ កើនលើសពីទំហំទឹកប្រាក់វិនិយោគសរុបបញ្ចូលគ្នាក្នុងរយៈពេល ៨ ឆ្នាំកន្លងមក ដែលប្រមូលបានត្រឹមតែ ១០១ ពាន់លានដុល្លារប៉ុណ្ណោះ ។
មូលហេតុចម្បងដែលទាក់ទាញលំហូរទុនដ៏មហិមានេះ គឺដោយសារតែប្រទេសបារាំង មានប្រភពថាមពលអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងតម្លៃប្រកួតប្រជែង និងការបញ្ចេញកាបូនទាប ដែលសមស្របបំផុតសម្រាប់វិស័យបច្ចេកវិទ្យាជំនាន់ថ្មី ។
បើតាម Euronews, ការបោះទុនដ៏ច្រើនសម្បើមនេះ បានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ ក្នុងអំឡុងកិច្ចប្រជុំកំពូលធុរកិច្ចប្រចាំឆ្នាំ “Choose France” លើកទី៩ ដែលប្រារព្ធឡើងនៅវិមាន Versailles កាលពីថ្ងៃ ចន្ទ ។
ទុនវិនិយោគបរទេសទាំងនេះ នឹងគ្របដណ្តប់លើគម្រោងធំៗចំនួន ៧១ គម្រោង ដែលផ្តោតសំខាន់លើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ។
ហើយគម្រោងទាំងនោះ ត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសការងារថ្មីៗប្រមាណជាង ១៥.៦០០ កន្លែងជូនដល់ប្រជាជននៅទូទាំងប្រទេសបារាំង ។
បើតាមការលើកឡើងរបស់លោក Macron, ក្រៅពីវិស័យ AI និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ក៏មានការវិនិយោគលើវិស័យផលិតបន្ទះឈីប គ្រឿងអេឡិចត្រូនិក សារធាតុរ៉ែសំខាន់ៗ ដែកថែប រថយន្តដឹកទំនិញ និងវិស័យសុខាភិបាលផងដែរ ។
លោកថា គម្រោងទាំងនេះ នឹងជួយធ្វើឱ្យបារាំងក្លាយជាប្រទេសឈានមុខគេ ក្នុងការធ្វើជាម្ចាស់ផ្ទះមជ្ឈមណ្ឌលទិន្នន័យនៅអឺរ៉ុប ក៏ដូចជាមជ្ឈមណ្ឌលនាំមុខគេ សម្រាប់ការផលិតមនុស្សយន្ត AI និងឧស្សាហូបនីយកម្មតាមរយៈ AI ។
កិច្ចប្រជុំកំពូលធុរកិច្ចប្រចាំឆ្នាំ “Choose France” លើកទី៩ ឆ្នាំនេះ មានការចូលរួមពីនាយកប្រតិបត្តិប្រហែល ២០០ នាក់មកពីជុំវិញពិភពលោក ៕
ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា




























