មូស្គូ ៖ វិមានក្រឹមឡាំងបានចង្អុលមុខបារាំង និងចក្រភពអង់គ្លេស ចំៗថាបានធ្វើទង្វើខុសច្បាប់ ដែលប្រៀបបាននឹងអំពើ “ចោរសមុទ្រ” បន្ទាប់ពីកងទ័ពជើងទឹកសម្ព័ន្ធមិត្តអឺរ៉ុបទាំងពីរ បានស្ទាក់ចាប់នាវាដឹកប្រេងដ៏ធំមួយគ្រឿង ឈ្មោះថា Tagor របស់រុស្ស៊ី ក្នុងដែនទឹកអន្តរជាតិ ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃ អង្គារ ថា ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងប៉ារីស បានទាមទារព័ត៌មានពេញលេញ ទាក់ទងនឹងការស្ទាក់ចាប់នាវា ។
លោកស្រី Zakharova ក៏បានព្រមានផងដែរថា ប្រតិបត្តិការនេះ បានរំលោភលើច្បាប់សមុទ្រអន្តរជាតិ ដូច្នេះរុស្ស៊ីកំពុងចាត់វិធានការ ដើម្បីការពារសមាជិកនាវិករុស្ស៊ីនៅលើនាវានោះ ។
យ៉ាងណា បារាំង និងអង់គ្លេស បានប្រាប់មូលហេតុថា ការចាប់ឃាត់នាវា Tagor ពីព្រោះវាគឺជាផ្នែកមួយនៃខ្សែស្រឡាយនាវាស្រមោលរបស់រុស្ស៊ី ដែលប្រើប្រាស់ដើម្បីលួចដឹកជញ្ជូនប្រេងគេចពីទណ្ឌកម្មអន្តរជាតិ ។
រីឯអាជ្ញាធរបារាំងបានបន្ថែមថា នាវាដឹកប្រេងខ្នាតធំ Tagor របស់រុស្ស៊ីមួយគ្រឿងនេះ បានប្រើប្រាស់ទង់ជាតិក្លែងក្លាយ ក្នុងគោលបំណងក្លែងបន្លំ និងគេចវេសពីការតាមដានរបស់អន្តរជាតិ ។
បើតាម RT, នាវាដឹកប្រេង Tagor ត្រូវបានស្ទាក់ចាប់ដោយជោគជ័យ កាលពីព្រឹកថ្ងៃ អាទិត្យ សប្តាហ៍មុន ក្រោមកិច្ចសហការពីបារាំង អង់គ្លេស និងដៃគូដទៃទៀត នៅកណ្ដាលមហាសមុទ្រអាត្លង់ទិក ក្នុងដំណើរឆ្ពោះចាកចេញពីទីក្រុង Murmansk របស់រុស្ស៊ី ឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិក ។
យោងតាមទិន្នន័យពី Opensanctions.org, នាវា Tagor ត្រូវបានគេសង្ស័យថា បានដឹកប្រេងរុស្ស៊ី ឬអ៊ីរ៉ង់ ដែលបំពាននឹងទណ្ឌកម្មអន្តរជាតិ ។ ហើយវាក៏មានទំនាក់ទំនងជាមួយមហាសេដ្ឋីដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ លោក Mohammad Hossein Shamkhani ផងដែរ ។
ប៉ុន្មានខែចុងក្រោយ បារាំងបានបង្កើនការតាមដានយ៉ាងដិតដល់ទៅលើក្រុមនាវាដឹកទំនិញសង្ស័យជាច្រើន ។ ជាក់ស្តែង គិតចាប់តាំងពីខែកញ្ញាមក បារាំងបានស្ទាក់ចាប់នាវាចំនួន ៣ គ្រឿងរួចហើយ ដោយចោទប្រកាន់ថា នាវាទាំងនោះជាផ្នែកមួយនៃកងនាវាស្រមោលរបស់រុស្ស៊ី ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា