វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីលទ្ធភាពដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមទៀតនៅក្នុងបណ្តាប្រទេសអឺរ៉ុបដែលជាសមាជិករបស់អង្គការយោធាណាតូ ។ នេះបើតាមការចេញផ្សាយរបស់កាសែត Financial Times នៅថ្ងៃអង្គារនេះ ។
ប្រភពដដែលបញ្ជាក់ថា អាមេរិកកំពុងសម្លឹងឃើញប្រទេសអឺរ៉ុបចំនួន ៦ បន្ថែមទៀតសម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនេះ ។ ប៉ុន្តែប្រទេសទាំងនោះត្រូវតែអាចផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពទ្វេរដង ទាំងបំពាក់អាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ។
ការសិក្សាអំពីលទ្ធភាពពង្រាយបន្ថែមនូវអាវុធនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោនកើតមានឡើង បន្ទាប់ពីប្រទេសក្នុងប្លុកអឺរ៉ុបកំពុងមានភាពតានតឹងជាមួយរុស្ស៊ីជុំវិញសង្គ្រាមអ៊ុយក្រែន និងចំពេលដែលទីក្រុងមូស្គូបើកការវាយប្រហារឈុតធំទៅលើប្រទេសអ៊ុយក្រែន ដែលបណ្ដាលឲ្យសង្គ្រាមដែលអូសបន្លាយពេលជាង ៤ ឆ្នាំមកនេះ ហាក់បង្កើនកម្តៅខ្លាំងឡើងវិញ ។
យ៉ាងណា ប្រធានគោលនយោបាយ មន្ទីរបញ្ចកោណ លោក Elbridge Colby ធ្លាប់បាននិយាយជាសាធារណៈថា សហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារសមាជិកណាតូ ទោះបីជាសម្ព័ន្ធមិត្ត អឺរ៉ុប ទាំងនេះ នាំមុខ លើកម្លាំងយោធាធម្មតា ក៏ដោយ។
ប៉ុន្តែ កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump និងមនុស្សជំនិតរបស់លោកជាច្រើននាក់បានរិះគន់សម្ព័ន្ធមិត្ត អឺរ៉ុប ចំពោះការមិនចំណាយឲ្យគ្រប់គ្រាន់លើផ្នែកយោធារបស់ប្រទេសទាំងនោះ ដោយចាំតែពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់ការការពារជាតិ របស់ពួកគេ ។
បច្ចុប្បន្ន ប្រទេសស្ថិតនៅប៉ែកខាងកើត របស់អង្គការ NATO រួមមាន ប៉ូឡូញ និងរដ្ឋបាល់ទិកមួយចំនួន ត្រូវបានអាមេរិកបញ្ជូនយន្តហោះដែលមានសមត្ថភាពទ្វេរដង ទាំងបំពាក់អាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ទៅបញ្ឈរជើងនៅទីនោះរួចទៅហើយ ៕
ប្រភព ៖ Usnews ប្រែសម្រួល៖ សារ៉ាត