កៀវ ៖ ស្ងាត់ៗ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានធ្វើដំណើរទស្សនកិច្ចមិនបានប្រកាសទុកមុនមួយ ទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃ ពុធ ។

កៀវ ៖ ស្ងាត់ៗ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានធ្វើដំណើរទស្សនកិច្ចមិនបានប្រកាសទុកមុនមួយ ទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃ ពុធ ។
ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីរលកដ៏សាហាវនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន ដែលបានសម្លាប់មនុស្ស ២៣ នាក់ និងរបួសជាង ១៣០ នាក់ ។
បើតាម Euroenews, លោក Rutte បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ដើម្បីពិភាក្សាអំពីការពង្រឹងកម្លាំងការពារដែនអាកាសជាបន្ទាន់ ។
ឆ្លៀតឱកាសនោះ លោក Zelensky បានជំរុញឱ្យសមាជិកណាតូជួយបង្កើនការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាស ជាពិសេសប្រព័ន្ធមីស៊ីល Patriot របស់អាមេរិក ដើម្បីទប់ទល់នឹងមីស៊ីលបាលីស្ទីករបស់រុស្ស៊ី ។
ជាការឆ្លើយតប ប្រមុខណាតូបានបញ្ជាក់ជាថ្មីថា បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ នឹងនៅតែប្រកៀកស្មាជាមួយអ៊ុយក្រែន ហើយថែមទាំងធានាការផ្គត់ផ្គង់អាវុធការពារខ្លួនដល់ទីក្រុងកៀវ តាមរយៈកម្មវិធី PURL បន្តទៀត ។
ជាមួយគ្នានេះ លោក Rutte និងលោក Zelensky ក៏បានអះអាងរួមគ្នាផងដែរថា អង្គការណាតូ និងទីក្រុងកៀវ នឹងមិនបោះបង់ចោលគោលបំណងដាក់បញ្ចូលអ៊ុយក្រែន ទៅក្នុងអង្គការណាតូនាពេលអនាគតឡើយ ៕
ប្រភព ៖ Euroenews ប្រែសម្រួល ៖ ឈឹម ទីណា

