វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងអះអាងកាលពីថ្ងៃ ពុធ ថា សង្គ្រាមជាមួយអ៊ីរ៉ង់បានបញ្ចប់ហើយ ទោះបីជាការវាយប្រហារដ៏សាហាវនៅតែបន្តក៏ដោយ ។

វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងអះអាងកាលពីថ្ងៃ ពុធ ថា សង្គ្រាមជាមួយអ៊ីរ៉ង់បានបញ្ចប់ហើយ ទោះបីជាការវាយប្រហារដ៏សាហាវនៅតែបន្តក៏ដោយ ។
ការអះអាងបែបនេះរបស់លោក Rubio ត្រូវបានធ្វើឡើងនៅក្នុងសវនាការរបស់គណៈកម្មាធិការទំនាក់ទំនងបរទេស នៃព្រឹទ្ធសភាអាមេរិក ។
នាឱកាសនោះ លោក Rubio បាននិយាយយ៉ាងដូច្នេះថា យើងឈប់បើកការវាយប្រហារជាបន្តបន្ទាប់នៅក្នុងទឹកដីអ៊ីរ៉ង់ ដើម្បីបំបាក់កម្លាំងយោធារបស់ពួកគេទៀតហើយ ។
ដោយលោកបានប្រាប់មូលហេតុថា ដោយសារតែប្រតិបត្តិការយោធាទ្រង់ទ្រាយធំ “Epic Fury” បានចប់សព្វគ្រប់ហើយ ហើយសហរដ្ឋអាមេរិកគឺជាអ្នកទទួលជ័យជំនះ ។
លោក Rubio មានវ័យ៥៥ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ជ័យជំនះរបស់យើង គឺការបំផ្លាញមូលដ្ឋានឧស្សាហកម្មការពារជាតិ កាត់បន្ថយចំនួនជើងទម្របាញ់មីស៊ីលដែលពួកគេមានយ៉ាងច្រើន និងកាត់បន្ថយស្តុកយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់យ៉ាងច្រើន ។
ប្រមុខការទូតអាមេរិករូបនេះបន្តថា ជោគជ័យទាំងអស់នេះ គឺជាការបន្ថែមពីលើការបំផ្លាញឥទ្ធិពលកងទ័ពអាកាស និងការលុបបំបាត់កងទ័ពជើងទឹករបស់ប្រទេសអ៊ីរ៉ង់ទាំងស្រុង ។
យ៉ាងណា ការថ្លែងបែបនេះរបស់លោក Rubio បានរងការរិះគន់ធ្ងន់ៗ និងការជជែកដេញដោលគ្នាយ៉ាងខ្លាំង ពីសំណាក់សមាជិកសភាអាមេរិក ដោយសារតែស្ថានភាពជាក់ស្តែងនៅលើសមរភូមិនៅតែបន្តមានភាពតានតឹង ។
សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនហៅថា Operation Epic Fury បានលេបត្របាក់តំបន់មជ្ឈិមបូព៌ាទាំងមូលចាប់តាំងពីការវាយប្រហារលើកដំបូងលើទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

