តេហេរ៉ង់ ៖ អ៊ីរ៉ង់ ព្រមានថា ការវាយប្រហារណាមួយរបស់ប្រទេសអ៊ីស្រាអែល ទៅលើទីក្រុង បេរូត របស់ប្រទេសលីបង់ នឹងបង្កឱ្យមាន ការបន្តសង្គ្រាមឡើងវិញ។

តេហេរ៉ង់ ៖ អ៊ីរ៉ង់ ព្រមានថា ការវាយប្រហារណាមួយរបស់ប្រទេសអ៊ីស្រាអែល ទៅលើទីក្រុង បេរូត របស់ប្រទេសលីបង់ នឹងបង្កឱ្យមាន ការបន្តសង្គ្រាមឡើងវិញ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមាន កាលពីថ្ងៃពុធថា ការវាយប្រហារណាមួយលើរដ្ឋធានី របស់លីបង់ នឹងបង្កឱ្យមានការចាប់ផ្តើមឡើងវិញពេញលេញ នៃសង្រ្គាមមជ្ឈិមបូព៌ា ខណៈដែលអ៊ីស្រាអែល បានដាក់សម្ពាធលើយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah។
អ៊ីរ៉ង់បានទទូច ម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ដែលសម្ព័ន្ធមិត្តរបស់ខ្លួន Hezbollah បានចូលរួម នៅថ្ងៃទី២ ខែមីនា ត្រូវតែបញ្ឈប់ការប្រយុទ្ធគ្នា នៅក្នុងប្រទេសលីបង់ ផងដែរ។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានដកស្រង់សម្តី របស់លោក Araghchi ដែលបានប្រាប់ទូរទស្សន៍ Al Mayadeen របស់ប្រទេសលីបង់ថា «ជោគវាសនានៃសង្រ្គាមរវាងអ៊ីរ៉ង់ និងពួកស៊ីយ៉ូននិយម ឬ អ៊ីស្រាអែល និងអាមេរិក គឺមិនអាចបំបែកចេញពីជោគវាសនានៃសមរភូមិនៅក្នុងប្រទេសលីបង់ ហើយរណសិរ្សទាំងពីរនេះ ត្រូវបានទាក់ទងគ្នា តាំងពីថ្ងៃមួយមក» ។
លោកបានបន្តទៀតថា «ការវាយប្រហារណាមួយ លើទីក្រុង Beirut នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ហើយនឹងនាំទៅដល់ការបន្តសង្រ្គាមឡើងវិញ» ដោយបន្ថែមថា «កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារអ៊ីស្រាអែល ប្រសិនបើពួកគេបន្តវាយប្រហារទីក្រុង Beirut»។
លោកក៏បានទទូចថា ដើម្បីឲ្យសង្គ្រាម នៅលីបង់បញ្ចប់ កងកម្លាំងអ៊ីស្រាអែលត្រូវតែចាកចេញពីប្រទេសនេះ។ លោកបានប្រាប់ទូរទស្សន៍ លីបង់ ដែលគាំទ្រហេសបូឡាថា «ការបញ្ចប់សង្រ្គាម នៅក្នុងប្រទេសលីបង់ ក៏មានន័យថា ការបញ្ចប់នៃការកាន់កាប់…នោះគឺ ការបញ្ចប់នៃសង្រ្គាម ត្រូវតែត្រូវបានអមដោយការដកកងកម្លាំង របស់របប Zionist ចេញពីតំបន់ ដែលពួកគេបានកាន់កាប់» ។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង ខណៈអ្នកការទូតអ៊ីស្រាអែលនិងលីបង់ ត្រូវធ្វើកិច្ចពិភាក្សាផ្ទាល់ នៅថ្ងៃទីពីរ នៅក្រុងវ៉ាស៊ីនតោន។ នេះគឺជាផ្នែកមួយនៃកិច្ចចរចាជុំទី៤ ចាប់តាំងពីការប្រយុទ្ធគ្នា នៅក្នុងប្រទេសលីបង់ ដែលបានផ្ទុះឡើង ពោលគឺនៅពេលដែលក្រុមហេសបូឡា បានបាញ់រ៉ុក្កែត ទៅលើអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ ក្រុម Hezbollah ប្រឆាំងយ៉ាងខ្លាំងចំពោះការចរចាដោយផ្ទាល់។
ថ្លែងនៅមុនកិច្ចចរចា, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ទូរទស្សន៍អាមេរិក CNBC ថា លោក និង លោក Trump បានចែករំលែកនូវគោលដៅ «ដើម្បីរំសាយអាវុធ Hezbollah និង … កាត់ផ្តាច់យោធាទាំងស្រុង នៅលីបង់» ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត
