មីនស្កិ៍ ៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ថ្មីៗនេះ បានស្រែកគំរាមខ្លាំងៗថា បេឡារុសនឹងលូកដៃដោយផ្ទាល់ ចូលទៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើប្រទេសខ្លួនទទួលរងការវាយប្រហារណាមួយ ។
ការព្រមាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបាននិយាយថា ខ្លួនបានកំណត់គោលដៅចំនួន ៥០០ កន្លែងនៅទូទាំងប្រទេសបេឡារុស សម្រាប់ការវាយប្រហារដែលអាចកើតមាន ក្នុងករណីជម្លោះផ្ទុះឡើង ។
ប្រភពបានទម្លាយឱ្យដឹងថា ទីតាំងទាំង ៥០០ កន្លែងនោះ ជារោងចក្រឧស្សាហកម្មរបស់បេឡារុស ដែលកំពុងសំងំផលិតគ្រឿងបង្គុំអាវុធ គ្រាប់រំសេវ និងជួសជុលគ្រឿងសម្ភារយោធា ដើម្បីជួយទ្រទ្រង់ដល់ម៉ាស៊ីនបញ្ឆេះសង្គ្រាមរបស់រុស្ស៊ី ។
ឆ្លើយតបការស្លុតគំរាមរបស់អ៊ុយក្រែន, លោកប្រធានាធិបតី Lukashenko បានអះអាងថា ទីក្រុងកៀវប្រហែលជាបានកំណត់គោលដៅវាយប្រហារទីតាំងចំនួន ៥០០ កន្លែងរបស់បេឡារុស ។
ប៉ុន្តែបេឡារុសក៏បានកំណត់គោលសំខាន់មួយរបស់អ៊ុយក្រែនវិញដែរ ដែលមានកូអរដោនេច្បាស់លាស់ ហើយទីតាំងនោះស្ថិតនៅជិតបេឡារុសខ្លាំងណាស់ ។ ដូច្នេះអ៊ុយក្រែនគួរតែយល់ច្បាស់ពីរឿងនោះដែរ ។
មេដឹកនាំផ្តាច់ការបេឡារុសរូបនេះ ថែមទាំងបានប្រើពាក្យសម្តីចាក់ដោតថា កងទ័ពអ៊ុយក្រែនដែលឈរជើងនៅតាមព្រំដែនបេឡារុស គឺគ្រាន់តែជាចំណីកាំភ្លើងធំប៉ុណ្ណោះ ។
យ៉ាងណា លោកជឿជាក់ថា យោធាអ៊ុយក្រែនពិតជាមិនចង់បានសង្គ្រាមជាមួយបេឡារុសទេ ពីព្រោះពួកគេដឹងច្បាស់ថា ប្រសិនបើមានការវាយប្រហារលើបេឡារុស នោះជម្លោះនឹងរីករាលដាលកាន់តែធំ ។
បើតាម Kyiv independent, ទំនាក់ទំនងបេឡារុស និងអ៊ុយក្រែន បានធ្លាក់ចុះដល់ចំណុចសូន្យ ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ ២០២២ បន្ទាប់ពីបេឡារុសបានបើកដៃឱ្យកងទ័ពរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីវាយលុកប្រឆាំងអ៊ុយក្រែន ។
យ៉ាងណា ដើម្បីការពារសម្ព័ន្ធមិត្តដែកថែបរបស់ខ្លួន រុស្ស៊ីទើបតែបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងប្រព័ន្ធមីស៊ីលទំនើបៗ ដូចជា Oreshnik និង Iskander នៅលើទឹកដីបេឡារុស ។
ការនេះនាំឱ្យអ៊ុយក្រែនកាន់តែខឹងសម្បារជាខ្លាំង ដោយទីក្រុងកៀវបានចាត់ទុកទង្វើនេះថា ជាការធ្វើឱ្យបេឡារុសក្លាយជា “ចំណាប់ខ្មាំងនុយក្លេអ៊ែរ” របស់វិមានក្រឹមឡាំង ៕
ប្រភព ៖ Kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា


























