វ៉ាស៊ីនតោន ៖ សភាអាមេរិកកាលពីថ្ងៃពុធបានសម្រេចបោះឆ្នោតដកសិទ្ធិលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនឲ្យបញ្ជូនទាហានទៅធ្វើសឹកសង្គ្រាមជាមួយអ៊ីរ៉ង់ទៀតនោះឡើយ ។

វ៉ាស៊ីនតោន ៖ សភាអាមេរិកកាលពីថ្ងៃពុធបានសម្រេចបោះឆ្នោតដកសិទ្ធិលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនឲ្យបញ្ជូនទាហានទៅធ្វើសឹកសង្គ្រាមជាមួយអ៊ីរ៉ង់ទៀតនោះឡើយ ។
សភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតឯកភាពលើវិធានការនេះ ជាមួយនឹងសំឡេងគាំទ្រ ចំនួន ២១៥ ទល់នឹង ២០៨ សំឡេង ខណៈដែលសមាជិកគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ចំនួន ៤ នាក់ក៏បានចូលរួមបោះឆ្នោតគាំទ្រដ៏កម្រជាមួយនឹងគណបក្សប្រជាធិបតេយ្យចំពោះដំណោះស្រាយនេះផងដែរ ។
បើតាមខ្លឹមសារនៃសេចក្ដីសម្រេចនោះ, លោក Trump ត្រូវតែដកកងម្លាំងអាមេរិក ចេញពីតំបន់ ជុំវិញប្រទេសអ៊ីរ៉ង់ ហើយបើលោក Trump ចង់ប្រកាសបន្តសង្គ្រាម ឬប្រើប្រាស់កម្លាំងយោធាណាមួយនោះ លុះត្រាតែមានការអនុញ្ញាតពីសភាជាមុនសិន ។
បើតាម Straitstimes , ច្បាប់នេះត្រូវតែឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា ដើម្បីឱ្យមានប្រសិទ្ធភាព ហើយនឹងមានការជជែកដេញដោលគ្នាថា តើ «ដំណោះស្រាយអំណាចសង្រ្គាម» នេះ មានលក្ខណៈស្របតាមរដ្ឋធម្មនុញ្ញ ឬ យ៉ាងណា បើទោះបីជាត្រូវបានអនុម័ត ដោយសភាក៏ដោយ ។ ជាការកត់សម្គាល់ ដំណោះស្រាយអំណាចសង្រ្គាម ចំនួន ៣ លើកមុន បានបរាជ័យ ក្នុងស្ថាប័ននីតិបញ្ញទាំងនេះ ។
យ៉ាងណា ការបោះឆ្នោតលើកនេះឆ្លុះបញ្ចាំងពីភាពមិនសុខស្រួល ក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋ មួយចំនួន ជុំវិញការដោះស្រាយជម្លោះ របស់លោក Trump និង ជាសញ្ញានៃកិច្ចខិតខំប្រឹងប្រែងដ៏កម្រមួយ របស់បក្ស ក្នុងការទប់ស្កាត់អំណាចសង្រ្គាមរបស់ប្រធានាធិបតី ខណៈដែលជម្លោះនៅមជ្ឈិមបូព៌ា បានឈានចូលដល់ខែ ទី៤ ។
ក្នុងការបោះឆ្នោតនេះដែរ សភាអាមេរិកក៏បានអនុម័តលើច្បាប់គាំទ្រដល់អ៊ុយក្រែន សម្រាប់ការផ្តល់ជំនួយសន្តិសុខដល់ទីក្រុងកៀវដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ៕
ប្រភព ៖ Straitstimes ប្រែសម្រួល ៖ សារ៉ាត
