តេហេរ៉ង់ ៖ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃពុធ បានបដិសេធការទទួលខុសត្រូវ ចំពោះការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ ប្រទេស គុយវ៉ែត ដោយអះអាងថា ជាស្នាដៃរបស់មីស៊ីលអាមេរិក Patriot ដែលមានបញ្ហាបច្ចេកទេស ពោលគឺក្នុងអំឡុងពេល មិនអាចស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់បាន ទើបហោះជ្រុលទៅកម្ទេចព្រលាន្តយន្តហោះមួយនេះ។
បើតាម AFP, ជនជាតិឥណ្ឌា ដែលជាអ្នកដំណើរម្នាក់បានស្លាប់ ហើយ មនុស្ស៦៣នាក់ ទៀតរងរបួស ដោយត្រូវចំក្បាលភាគច្រើន ព្រោះបណ្តាលមកពីការផ្ទុះ អំឡុងការវាយប្រហារ លើព្រលាន្តយន្តហោះ គុយវ៉ែត នាពេលនោះ។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC បាននិយាយតាមរយៈបណ្តាញសង្គម Telegram ផ្លូវការថា «ការស៊ើបអង្កេត និងការពិនិត្យរបស់យើង លើការវាយប្រហារ ចំលើស្ថានីយអ្នកដំណើរ គុយវ៉ែត បង្ហាញថា កងកម្លាំងអាកាស IRGC មិនបានបាញ់ប្រហារទៅលើគោលដៅនេះទេ» ។
ប្រភពបន្ត «ការបំផ្លិចបំផ្លាញ លើចំណត របស់អ្នកដំណើរ នៅអាកាសយានដ្ឋាន គឺបណ្តាលមកពីកំហុសនៃប្រព័ន្ធមីស៊ីល Patriot របស់អាមេរិក ដែលបានហោះទៅបុកចំស្ថានីយ បន្ទាប់ពីបរាជ័យ ក្នុងការស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់»។
ជាមួយគ្នា, IRGC បាននិយាយថា ពួកគេបានកំណត់គោលដៅ លើទីតាំងផ្សេងទេ ពោលគឺ នៅមូលដ្ឋានទ័ពអាកាស Ali Al Salem ដែលផ្ទុកឧទ្ធម្ភាគចក្រយោធាអាមេរិក មិនមែនជាព្រលាន្តយន្តហោះនោះឡើយ។
ការវាយប្រហារលើអាកាសយានដ្ឋាន របស់ប្រទេសគុយវ៉ែត កាលពីថ្ងៃទី៣ ខែមិថុនា បានបញ្ឈប់ប្រតិបត្តិការ ជាបណ្តោះអាសន្ន ប៉ុន្តែ ចរាចរណ៍ផ្លូវអាកាស បានបន្តឡើងវិញ នៅថ្ងៃបន្ទាប់ ខណៈដែល ជើងហោះហើររបស់ Kuwait Airways ទាំងអស់ ដំណើរការម្តងទៀត។
ក្រសួងការពារជាតិ របស់ប្រទេសឈូងសមុទ្រមួយនេះ បាននិយាយថា កាំជ្រួចផ្លោង និងយន្តហោះគ្មានមនុស្សបើក ចំនួន ៣០គ្រឿងត្រូវបានបាញ់ចូលមក ដោយចោទថា ជាការឈ្លានពានរបស់អ៊ីរ៉ង់ ដ៏សាហាវ ហើយ បណ្តាលឱ្យខូចខាតសម្ភារៈយ៉ាងដំណំ នៅក្នុងអគារ។
ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា ពលរដ្ឋរបស់ខ្លួនម្នាក់ ត្រូវបានសម្លាប់ នៅអាកាសយានដ្ឋាន ហើយបានថ្កោលទោស ការវាយប្រហារនេះ។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងអំពាវនាវម្តងទៀតដល់ភាគីទាំងអស់ ឱ្យបញ្ឈប់ការវាយប្រហារបែបនេះ លើគោលដៅស៊ីវិល។
ជាការកត់សម្គាល់ អាកាសយានដ្ឋានអន្តរជាតិរបស់គុយវ៉ែត ត្រូវបានគេកំណត់គោលដៅជាច្រើនដង ក្នុងអំឡុងពេលសង្រ្គាម ហើយបានដំណើរការឡើងវិញទាំងស្រុង នៅថ្ងៃទី១ ខែមិថុនា៕
ប្រភព ៖ Freemalaysiatoday, ប្រែសម្រួល ៖ សារ៉ាត