ស្តុកខុម ៖ លោក Pal Jonson រដ្ឋមន្ត្រីការពារជាតិស៊ុយអែត បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប្រេស៊ីល ចង់ទិញយន្តហោះចម្បាំង Gripen បន្ថែម ចំនួន២០គ្រឿង ដែលផលិតដោយក្រុមហ៊ុនការពារជាតិ Saab ក្នុងចំណោម ៣៦គ្រឿង ដែលទីក្រុង ប្រាស៊ីលីយ៉ា មានរួចហើយ។

លោកអះអាងបែបនេះ បន្ទាប់ពីចុះហត្ថលេខា លើសេចក្តីប្រកាសអំពីចេតនាទិញ ជាមួយរដ្ឋមន្ត្រីការពារជាតិប្រេស៊ីល លោក Jose Mucio នៅទីក្រុង Stockholm។
ថ្លែងប្រាប់សន្និសីទសារព័ត៌មាន, លោក Pal Jonson បានប្រកាសថា «យើងពិតជាមានមោទនភាព ដែលប្រេស៊ីល បង្ហាញពីចេតនា និងការចាប់អារម្មណ៍ ក្នុងការទិញ Gripen ២០គ្រឿង ផ្សេងទៀត»។ លោក Jonson បានបន្ថែមថា យន្តហោះបន្ថែមនេះ នឹងត្រូវផលិត នៅក្នុងប្រទេសប្រេស៊ីល។
រដ្ឋមន្ត្រីការពារជាតិប្រេស៊ីល លោក Mucio បាននិយាយថា «ការបញ្ជាទិញថ្មីនេះ មានន័យថា ភាពជាដៃគូរបស់យើងដំណើរការបានល្អ»។
បើតាម AFP, ក្នុងឆ្នាំ ២០១៤ ប្រទេសប្រេស៊ីលបានសម្រេចចិត្តទិញយន្តហោះចម្បាំង Gripen E និង Gripen F ចំនួន ៣៦ គ្រឿង ដែលផលិតដោយក្រុមហ៊ុនស៊ុយអែត Saab ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃ ៤.៥ ពាន់លានដុល្លារ។
នៅចុងខែមីនា ប្រទេសអាមេរិកខាងត្បូងមួយនេះ បានបង្ហាញយន្តហោះ Gripen ដំបូងគេ ដែលបានផលិត នៅលើដី របស់ខ្លួន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត