បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ចង់ចរចាជាមួយ កូរ៉េខាងជើង ក្រោយសម្ញែងរោងចក្រផលិតគ្រាប់បែកនុយក្លេអ៊ែរថ្មី

អាមេរិក ចង់ចរចាជាមួយ កូរ៉េខាងជើង ក្រោយសម្ញែងរោងចក្រផលិតគ្រាប់បែកនុយក្លេអ៊ែរថ្មី

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានអះអាងជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ដើម្បីបោះជំហានឈានដល់គោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ។ នេះបើតាម Korea Times ។
 
ការបង្ហាញជំហរចរចារបស់អាមេរិក ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un កាលពីថ្ងៃ ពុធ បានចុះត្រួតពិនិត្យរោងចក្រផលិតសារធាតុផ្សំគ្រាប់បែកនុយក្លេអ៊ែរដ៏ថ្មីសន្លាងមួយ និងបានដាក់មហិច្ឆតាពង្រឹងកងកម្លាំងនុយក្លេអ៊ែរក្នុងល្បឿនលឿនបំផុត ។
 
យោងតាម DW,  នៅពេលចុះពិនិត្យមើលរោងចក្រនេះផ្ទាល់ លោក Kim បានអះអាងថា បច្ចុប្បន្នសមត្ថភាពផលិតសារធាតុនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានកើនឡើងទ្វេដង បើធៀបនឹង ៥ ឆ្នាំមុន ។
 
ជាមួយគ្នានេះ លោក Kim ក៏បានប្រកាសពីផែនការជំរុញ និងពង្រីកកម្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឱ្យកើនឡើងយ៉ាងលឿនបំផុត ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងការគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។
 
ការសម្ញែងរោងចក្រថ្មីនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងធ្លាប់បានបង្ហាញរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្ងាត់ដំបូងរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២៤ ។
 
យោងតាមមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង, មកទល់ពេលនេះ កូរ៉េខាងជើងកំពុងដំណើរការរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជាធាតុផ្សំសំខាន់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរសរុបចំនួន ៤ កន្លែងជារៀងរាល់ថ្ងៃ ។
 
ចាប់តាំងពីកិច្ចចរចាជាមួយអាមេរិកបានបរាជ័យកាលពីឆ្នាំ២០១៩ មក កូរ៉េខាងជើង បានបដិសេធរាល់ការចរចា ហើយងាកមកផ្តោតលើការធ្វើទំនើបកម្មអាវុធខ្លួនយ៉ាងខ្លាំងក្លា ។
 
តួយ៉ាង កាលពីខែកុម្ភៈ កូរ៉េខាងជើងក៏ធ្លាប់បានប្រកាសជាថ្មីនៅក្នុងកិច្ចប្រជុំបក្សពលករ ថា ខ្លួនជា “រដ្ឋនុយក្លេអ៊ែរ” ដែលមិនអាចកែប្រែបាន និងបានប្តេជ្ញាពង្រឹងកម្លាំងទប់ទល់ ក្រោមផែនការអភិវឌ្ឍន៍យោធារយៈពេល ៥ ឆ្នាំរបស់ខ្លួន ៕
 
ប្រភព ៖ Korea Times និង DW ប្រែសម្រួល ៖ ឈឹម ទីណា
 

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា